26 C
Phnom Penh
Wednesday, June 22, 2022

យើងធ្លាប់ឃើញគ្រួសារដែលប្ដីខ្លាចប្រពន្ធ  ច្រើនតែរស់នៅដោយសុខសាន្ត  ហើយស្ថានភាពជីវភាព  ហាក់បីដូចជាមានស្ថិរភាព  និងចម្រុងចម្រើនទៅមុខឥតឈប់ឈរ…

ម៉្យាងទៀត  ក្នុងគ្រួសារមួយដែលគេមិនបានឮសំឡេងឈ្លោះទាស់ទែង  វាយដំគ្នា  គេច្រើនតែគិតថា  គឺប្ដីខ្លាចប្រពន្ធហើយ…

នៅពេលដែលប្ដីអនុញ្ញាតឱ្យប្រពន្ធជួយទំនុកបម្រុង  ក្នុងកិច្ចការងាររបស់ខ្លួន  នោះគេច្រើនតែចោទប្ដីថា  មើលចុះ  វាងាប់ក្រោមកន្ទុយក្បិនរបស់ប្រពន្ធវាហើយ…

តើរវាងប្ដីដែលវាយដំប្រពន្ធ  និងប្ដីដែលស្ដាប់បង្គាប់ប្រពន្ធ  ម្នាក់ណាល្អប្រសើរជាង? 

តើរវាងប្ដីដែលចេញពីធ្វើការហើយ  វិលមកផ្ទះ ដើម្បីជួយមើលកូន ព្រមទាំងកិច្ចការផ្ទះ  និងប្ដីដែលចេញពីធ្វើការហើយដើរផឹកស៊ី  លេងល្បែងស៊ីសង  និងមានស្រីញី  ម្នាក់ណាល្អប្រសើរជាង? 

បើអ្នកមិនខ្លាចប្រពន្ធ  តើអ្នកទៅខ្លាចនរណាទៅវិញ  សូមសួរដូចឆោត? 

តើក្នុងស្ថានភាពធ្លាក់ខ្លួនក្រវ័ណ្ដកន្ទប  ជាប់បំណុល  អត់បាយ  អស់ផ្ទះសម្បែង  និងជាប់គុក  ជាមួយនឹងស្ថានភាពរស់នៅដោយសុខសាន្ត  ដោយសារតែអ្នកខ្លាចប្រពន្ធ  តើអ្នកត្រូវជ្រើសរើសយកមួយណាទៅ? 

អត្ថបទ នេះមិនសំដៅលើកស្ទួយប្រពន្ធអបល័ក្ខណ៍ ដែលជាស្រីហិនហោច  និងប្រព្រឹត្ត អំពើ អបាយមុខ   ដើម្បីបំផ្លាញសុភមង្គលក្រុមគ្រួសារនោះទេ…

–  ប្ដីខ្លាចប្រពន្ធដោយខិតខំរកប្រាក់  និងសន្សំទិញផ្ទះ

–  ប្ដីខ្លាចប្រពន្ធ   ហើយខិតខំរៀនសូត្របង្កេីនចំណេះវិជ្ជា

–  ប្ដីខ្លាចប្រពន្ធ ដោយមិនហ៊ានដើរលេង  ផឹកស៊ី  និងលេងល្បែងស៊ីសង

–  ប្ដីខ្លាចប្រពន្ធ ព្រោះតែខ្លាចបែកបាក់ក្រុមគ្រួសារ  និងព្រាត់ប្រាសប្រពន្ធកូន

សូមមេត្តាពិនិត្យមេីលអ្នកបើកបរឡានទៅមើល  គឺអ្នកបើកបរអង្គុយនៅក្រោយចង្កូត  មិនមែនអង្គុយនៅលើក្បាលឡាននោះទេ  ដូចនេះ  បើប្ដីស្ថិតនៅពីក្រោយប្រពន្ធ  តើវាខុសទាស់ដែរឬទេ? 

…ឈប់សិន! តែប្រពន្ធមានដែលសូមឱ្យប្ដីអង្គុយនៅពីក្រោយនាងឯណា  គឺនាងសូមតែអង្គុយទន្ទឹមនឹងប្តីទេតើ  ហើយនាងមិនមែនចង់ឱ្យប្ដីខ្លាចនាងឯណា  នាងគ្រាន់តែសូមឱ្យប្ដីគោរពនាងជាប្រពន្ធទេតើ ! 

បើនាងសូមតែប៉ុណ្ណឹង  តើប្ដីដាច់ចិត្តបដិសេធចោលនូវសំណូមពររបស់នាងដែរឬទេ? 

បំណងល្អ អង្កភាពសារព័ត៌មានពុទ្ធិញូវ

អត្ថបទ និងរូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត