យន្តហោះដឹកទំនិញដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន បានធ្លាក់នៅភាគខាងជើងនៃប្រទេសក្រិក ខណៈ កំពុងផ្ទុកសម្ភារគ្រោះថ្នាក់ចំនួន ១២ តោន។
អ្នកស្រុកដែលបានឃើញហេតុការណ៍រាយការណ៍ថា ពួកគេឃើញដុំភ្លើង និងឮសំឡេងផ្ទុះអស់រយៈពេលពីរម៉ោង បន្ទាប់ពីយន្តហោះ Antonov បានធ្លាក់លើដីស្រែក្បែរទីក្រុង Kavala ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលក្រិក បានឲ្យដឹងថា យន្តហោះ An-12 សម័យសូវៀត បានធ្វើដំណើរពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសហ្ស៊កដានី ហើយមនុស្ស៨នាក់បាននៅលើយន្តហោះនេះ ហើយថា វាផ្ទុកនូវសម្ភារគ្រោះថ្នាក់ ចំនួន ១២តោន ដែលភាគច្រើនជាគ្រឿងផ្ទុះ។
ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍ថា ទាហាន និងអ្នកជំនាញគ្រឿងផ្ទុះកំពុងធ្វើដំណើរទៅកាន់កន្លែងនោះ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា ពួកគេមិនមានព័ត៌មានជាក់លាក់អំពីទំនិញនោះទេ ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសក្រិក បាននិយាយថា អ្នកបើកយន្តហោះបានគ្រប់គ្រងការជូនដំណឹងដល់អាជ្ញាធរ អំពីបញ្ហានៅក្នុងម៉ាស៊ីនមួយរបស់យន្តហោះ។ គាត់ត្រូវបានគេផ្តល់ឲ្យនូវជម្រើសនៃការចុះចតនៅអាកាសយានដ្ឋានទាំងក្នុងទីក្រុង Thessaloniki ឬ Kavala ហើយគាត់បានជ្រើសរើស Kavala ដែលកាន់តែខិតជិតដោយនិយាយថា គាត់ត្រូវតែចុះចតជាបន្ទាន់។
ទោះបីជាយ៉ាងណាក៏ដោយ ការទំនាក់ទំនងជាមួយយន្តហោះបានផ្ដាច់ភ្លាមៗ ហើយយន្តហោះបានធ្លាក់ប្រហែល ៤០ គីឡូម៉ែត្រ ភាគខាងលិចព្រលានយន្តហោះ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News