(អន្តរជាតិ)៖ ស្តេចគ្រឿងញៀនដ៏ល្បីមួយរូបដែលស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ FBI ត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកម៉ិកស៊ិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។
លោក Rafael Caro Quintero អាយុ៦៩ឆ្នាំដែលត្រូវបានគេស្គាល់ថាជាស្តេចនៃអ្នកជួញដូរគ្រឿងញៀនត្រូវបានអាជ្ញាធរម៉ិកស៊ិកចាត់ទុកថាជាស្ថាបនិកនៃក្រុមជួញដូរ Guadalajara ដែលសកម្មបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ ក្រុមនេះជួញដូរជាចម្បងនូវកូកាអ៊ីន ហេរ៉ូអ៊ីន និងកញ្ឆាពីម៉ិកស៊ិកទៅអាមេរិក។
លោកត្រូវបានទាហានម៉ារីនចាប់ឃុំខ្លួន បន្ទាប់ពីត្រូវបានគេប្រទះឃើញលាក់ខ្លួននៅក្នុងគុម្ពោតព្រៃនៅក្នុងទីក្រុង San Simón ទីក្រុង Choix ក្នុងរដ្ឋ Sinaloa ភាគពាយ័ព្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកម៉ិកស៊ិក។
លោក Caro Quintero ធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់គុក៤០ឆ្នាំ សម្រាប់ការចាប់ពង្រត់ ការធ្វើទារុណកម្ម និងឃាតកម្មលើភ្នាក់ងាររដ្ឋបាលគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៥។ ហើយរឿងរ៉ាវទាំងនោះត្រូវបានគេថតជារឿងភាគ Netflix “Narcos: Mexico”។
ក្នុងឆ្នាំ២០១៣ Caro Quintero បានចំណាយពេល ២៨ឆ្នាំ នៅក្នុងគុកនៅក្នុងប្រទេសម៉ិកស៊ិក តុលាការឧទ្ធរណ៍ម៉ិកស៊ិកបានដោះលែង Caro Quintero ដែលធ្វើឱ្យអាជ្ញាធរអាមេរិក និងរដ្ឋអាជ្ញាម៉ិកស៊ិកខឹងសម្បារជាខ្លាំង។
យោងតាម FBI បានឱ្យដឹងថា Caro Quintero បានវិលត្រឡប់ទៅជួញដូរគ្រឿងញៀនវិញក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៃក្រុមជួញដូរគ្រឿងញៀន Sinaloa។
ក្នុងប្រតិបត្តិការដែលបានបញ្ចប់ដោយសោកនាដកម្ម ដោយទាហានម៉ារីន១៤នាក់ ដែលបានជួយក្នុងការចាប់ខ្លួនត្រូវបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពជើងទឹកម៉ិកស៊ិកបានធ្លាក់នៅ Los Mochis រដ្ឋ Sinaloa បន្ទាប់ពីប្រតិបត្តិការបានបញ្ចប់។ ទាហានម៉ារីនម្នាក់ទៀតរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មូលហេតុនៃការធ្លាក់យន្តហោះនេះមិនត្រូវបានគេដឹងឡើយ ហើយការស៊ើបអង្កេតនឹងកើតឡើង៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News