ពោធិ៍សាត់៖មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីមានប្រជាពលមកពីបណ្ដាខេត្តមួយចំនួនបានចូលមកកាប់ទន្រានយកដី នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។


សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បញ្ជាក់ថា ថ្មីៗនេះមានមេក្លោងមួយចំនួនបានបំផុសឱ្យប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួនចូលមកកាប់រុករាន ទន្ទ្រានឆ្ការដុតព្រៃ ដាំដំណាំ និងធ្វើការវាស់វែងដីព្រៃបង្កើតជាការប្រមូលផ្ដុំប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ នៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានបំផ្លាញដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ទំហំប្រមាណ ជិត ៣ ពាន់ហិកតា (២៧៩០) ដែលជាទីតាំងសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃស្រោង និងសត្វព្រៃ។


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជាក់ថា ការទាមទារកាន់កាប់ដីក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស របស់ប្រជាពលរដ្ឋ ពុំស្របទៅនឹងច្បាប់ភូមិបាលឆ្នាំ ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ ដោយតម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីតំប់ខាងលើជាបន្ទាន់ វិលត្រឡប់ទៅលំនៅដ្ឋានខ្លួនវិញ កុំចាញ់កលការញុះញង់របស់មេក្លោង៕












ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News