27 C
Phnom Penh
Sunday, June 26, 2022

មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តដល់កសិករត្រូវស្វែងយល់ពីបច្ចេកទេស និងការចូលរួមអនុវត្តកសិកម្មល្អ ដើម្បីធានាសុវត្ថិភាពទីផ្សារបានតម្លៃខ្ពស់

បាត់ដំបង៖ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅបានកាន់តែល្អប្រសើរនោះ កសិករគ្រប់រូបត្រូវតែចូលរួម អនុវត្តកម្មវិធីកសិកម្មល្អ ដើម្បីទទួលបានការចុះបញ្ជីចម្ការ និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា ក្នុងការធានាសុវត្ថិភាពទីផ្សារបានតម្លៃខ្ពស់លើផលដំណាំកសិកម្មរបស់ប្រជាកសិករផលិតបាន ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឈឹម វជិរា បានចាត់ទុកថា ការចុះបញ្ជីចម្ការ និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អគឺពិតជាមានសារសំខាន់ណាស់ដើម្បីរក្សាលំនឹងទីផ្សារកសិកម្មដោយសារតែកសិករ ទាំងនោះបានចុះបញ្ជីការ និងរូបសញ្ញានៃការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ហើយក៏ជាកម្មសិទ្ធិបញ្ញាដ៏សំខាន់របស់អ្នកផលិត ក្នុងការរក្សាបាននូវតម្លៃលើទីផ្សារ មិនមានការបញ្ចុះតម្លៃតាមតែចិត្តរបស់ឈ្មួញ ។ លោកបានសំណូមពរដល់កសិករត្រូវតែបង្កើនគុណភាពលើផលិតផលរបស់ខ្លួនឲ្យបាន ដើម្បីកុំឱ្យខូចតម្លៃនៃផលិតផលកសិកម្មរបស់ខ្លួន ក្នុងការបង្កើនទីផ្សារ និងមានតម្លៃល្អ កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងសហគមន៍មានការរីកចម្រើន ។

ប្រធានសហគមន៍កសិកម្មតាសី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ណុប នុន បានបង្ហាញនូវការយលដឹងនិងអត្ថប្រយោជន៍វិញ្ញាបនបត្រការអនុវត្តន៍កសិកម្មល្អ គឺពិតជាបានបញ្ជាក់ពីអត្តសញ្ញាណមួយដ៏សំខាន់ តាមស្តង់ដាសុវត្ថិភាព សម្រាប់សហគមន៍ផលិតបន្លែ ក្នុងការនាំទៅកាន់ទីផ្សារទទួលបានតម្លៃខ្ពស់ ។

ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក ខាត់ បូរិន បានបញ្ជាក់ថា ការអនុវត្តន៍កម្មវិធីកសិកម្មល្អ គឺជាការបង្កើតស្តង់ដាមួយសម្រាប់កសិករ ដើម្បីបង្កើនការយល់ដឹងពីសុវត្ថិភាពចំណីអាហារនិងកាត់បន្ថយភាពគ្រោះថ្នាក់អំពីសុវត្ថិភាពចំណីអាហារឱ្យនៅទាបបំផុត ក្នុងការបំពេញតម្រូវការទីផ្សារក្នុងស្រុកនឹងក្រៅស្រុក ក៏ដូចជាការធានាសុវត្ថិភាពដល់អតិថិជនផងដែរ ។

ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកទឹកចិត្តបន្ថែមដល់កសិករឲ្យបន្តការខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពនិងសមត្ថភាពរបស់ខ្លួន ដើម្បីការផលិតដំណាំកសិកម្មឱ្យកាន់តែល្អ មានគុណភាព ស្តង់ដានិងអនាម័យល្អ សម្រាប់ការនាំចេញទៅកាន់ទីផ្សារលើសកលលោក បានកាន់តែច្រើន ខណៈដែលទីផ្សារសម្រាប់ការនាំចេញនេះ ត្រូវការបំផុតអំពីគុណភាព តាមស្តង់ដា ពិសេសគឺមានអនាម័យខ្ពស់ មិនប្រើប្រាស់ជីគីមីច្រើន ៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត