27 C
Phnom Penh
Saturday, May 21, 2022

មន្ត្រីជាន់ខ្ពស់សុខាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមជាមួយលោកសាស្ត្រាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិ វេជ្ជសាស្ត្របុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន បានចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្ត្របុរាណចិន និងដើម្បីពង្រឹងសមត្ថភាពវិស័យវេជ្ជសាស្ត្របុរាណកម្ពុជាផងដែរ។

ក្នុងឱកាសចុះពិនិត្យនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកសាស្ត្រចារ្យ Huang Luqi បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យដ៏ធំស្គឹមស្គៃ ដែលបំពាក់ដោយសម្ភារបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបដំបូងគេនៅកម្ពុជា។ ក្រៅពីនេះរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសុខាភិបាលកម្ពុជាផងដែរស្តីពី ការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ជូលវេជ្ជសាស្ត្របុរាណចិន។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណ ដើម្បីជំរុញវឌ្ឍនភាពវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។ លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការថ្មីនេះ ព្រមទាំងបានស្នើដល់ភាគីចិន តាមរយៈលោកឯកអគ្គរដ្ឋទូត ជួយបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវះកាត់បេះដូង និងសួត នៅមន្ទីរពេទ្យនេះ។

ទន្ទឹមនឹងនោះភាគីមិត្តចិន បានទទួលយកសំណើរបស់លោកស្រីរដ្ឋលេខាធិការ ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឱ្យឈានមុខគេក្នុងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត