33 C
Phnom Penh
Saturday, May 21, 2022

មន្ត្រីជាន់ខ្ពស់វប្បធម៌ បានចាត់ទុកព្រឹត្ដិការណ៍វប្បធម៌នៅក្រុងសៀមរាប ជាការជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ

សៀមរាប៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច បានលើកឡើងថា ការរៀបចំបង្កើតព្រឹត្ដិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន នៅខេត្ដសៀមរាប ពិតជាមានន័យធំធេង ក្នុងការបង្កើនការផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូល ឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌។ ការលើកឡើងដូចនេះ ក្នុងពិធីបិទព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងព្រឹត្ដិការណ៍ដែលបានធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខប្រាសាទអង្គរ និងទីក្រុងសៀមរាប លោក ហាប់ ទូច បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍កម្ពុជាធ្វើជាប្រធានប្តូរវេន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយបានប្រកាសជ្រើសរើសយកទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២។ ការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូណ៌បែប ទាំងរូបី និងអរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក។


លោករដ្ឋលេខាធិការបានបន្តថា ព្រឹត្តិការណ៍វប្បធម៌នាពេលនេះ ក៏ជាផ្នែកមួយនៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូដ-១៩ ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ដូចនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងគាំទ្រឱ្យបន្តរៀបចំមហោស្រពប្រកួតប្រជែងបង្ហាញស្នាដៃសិល្បៈវប្បធម៌គ្រប់រូបភាព ឱ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឱ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរឱ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ ព្រឹត្តិការណ៍វប្បធម៌នេះផងដែរ ក៏ជាកាលានុវត្តភាពក្នុងការរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ដោយចាប់យកអត្ថប្រយោជន៍ពីសក្តានុពល ធនធានវប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើតផលិតផលវប្បធម៌ថ្មីៗសម្បូណ៌បែបថែមទៀត សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ ដែលជួយជំរុញធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ស័ក្តិសមជាព្រះរាជាណាចក្រនៃវប្បធម៌។

ទន្ទឹមនឹងនេះ លោក ហាប់ ទូច ក៏បានស្នើឱ្យផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណៈជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារមរតកវប្បធម៌ឱ្យបានគង់វង្សទៅអនាគត។ ភាពគង់វង្ស និងរីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនៃការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍នេះក៏មានការតាំងពិព័រណ៍ និងប្រគួតប្រជែងម្ហូបអាហារខ្មែរផងដែរ។ ក្រៅពីនេះ ក៏មានសកម្មភាពវប្បធម៌ជាច្រើននៅតាមទីកន្លែងផ្សេងៗគ្នា នៅក្នុងក្រុងសៀមរាប និងនៅរមណីយដ្ឋាន មានជាអាទិ៍ ការបង្ហាត់ និងបង្ហោះខ្លែងខ្មែរ មហោស្រពដណ្តាំស្លរម្ហូបអាហារខ្មែរ តន្ត្រីបុរាណ របាំ ល្ខោន ល្បុក្កតោ កម្មវិធីអំណាន ការគូររូបតាមដងផ្លូវការសូត្រកំណាព្យ ការនិទានរឿង ការតាំងពិព័រណ៍គំនូរតម្បាញសូត និងកម្មវិធីចម្រុះជាច្រើនទៀត៕


អត្ថបទ និងរូបភាពដោយ៖ Puntinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត