31 C
Phnom Penh
Thursday, June 30, 2022

មន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានរំលឹកថា គ្រូពេទ្យដែលប្រកបរបរវេជ្ជសាស្ត្រមិនមានអាជ្ញាប័ណ្ណ នឹងត្រូវប្រឈមចំពោះមុខច្បាប់

បាត់ដំបង៖ លោក សាស្ត្រាចារ្យ ឡាំ អេងហ៊ួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាងលោកសាស្ដ្រាចារ្យធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានរំឭកថា គ្រូពេទ្យដែលប្រកបរបរវេជ្ជសាស្ត្រមិនមានអាជ្ញាប័ណ្ណ នឹងត្រូវប្រឈមចំពោះមុខច្បាប់ ហើយសូមទៅចុះបញ្ជីដើម្បីទទួលបានអាជ្ញាប័ណ្ណ បន្តការប្រកបរបរវេជ្ជសាស្ត្រ ស្របតាមច្បាប់នឹងបានរួចផុតពីការប្រឈមចំពោះមុខច្បាប់ ។

ការរំលឹករបស់លោកសាស្ត្រាចារ្យ ឡាំ អេងហ៊ួរ ក្នុងឱកាសអញ្ជើញបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៥ របស់ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រោមការរៀបចំដោយគណៈគ្រូពេទ្យជាតិ គណៈគ្រូពេទ្យខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ។

លោក បានបង្ហាញនូវការសោកស្តាយចំពោះការខកខានអស់រយៈពេល២ឆ្នាំ ដែលមិនបានរៀបចំទិវានេះដោយសារការរាតត្បាតនៃមេរោគកូវីដ-១៩ ដែលធ្វើឱ្យមានការប៉ះពាល់ស្ទើរគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ។ លោក សាស្ត្រាចារ្យ ឡាំ អេងហ៊ួរ បានបញ្ជាក់ថា ថ្វីត្បិតតែក្នុងពេលនេះមេរោគកូវីដ-១៩ កំពុងនៅបន្តការរាតត្បាត ជាពិសេសប្រភេទបំប្លែងថ្មីអូមីក្រុងក៏ដោយ ក៏ប៉ុន្តែដោយមានគោលការណ៍ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសឱ្យមានដំណើរការជាធម្មតាឡើងវិញ បានឱ្យប្រជាពលរដ្ឋរៀនរស់នៅតាមគន្លងថ្មីជាមួយនឹងមេរោគកូវីដ-១៩ ដោយអនុវត្តខ្ជាប់ខ្ជួននូវវិធានការបង្ការ និងការគ្រប់ដណ្តប់អត្រាចាក់វ៉ាក់សាំងខ្ពស់ ទើបក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានសម្រេចផ្តល់ការអនុញ្ញាតឱ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យតាមបណ្តាខេត្ត រាជធានី រៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ដើម្បីលើកកម្ពស់គុណវុឌ្ឍរបស់គ្រូពេទ្យកម្ពុជា សំដៅធ្វើការអនុវត្តនូវអាជីពវេជ្ជសាស្ត្រនេះឱ្យបានកាន់តែមានប្រសិទ្ធិភាព និងគុណភាពល្អប្រសើរឡើង ដូចនៅប្រទេសជិតខាងនិងក្នុងតំបន់ ក៏ដូចជាការលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងគុណធម៌នៃវិជ្ជាជីវៈគ្រូពេទ្យរបស់យើងទាំអអស់គ្នា ។

លោកសាស្ត្រាចារ្យអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានធ្វើការណែនាំនិងជំរុញបន្ថែមដល់ក្រុមគ្រូពេទ្យទាំងអស់នៅតាមស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកក្នុងខេត្ត ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយត្រូវត្រួតពិនិត្យនិងកែលម្អ ក្នុងការផ្តល់សេវាថែទាំព្យាបាលប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលុបបំបាត់បាតុភាពអវិជ្ជមានមួយចំនួន ដែលធ្វើឱ្យមានការប៉ះពាល់ដល់ការផ្តល់សេវាសាធារណៈ ហើយចងចាំថា គ្រូពេទ្យដែលប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល បើមិនមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត