ស្តាប់អត្ថបទជាសំឡេង


ស្ទឹងត្រែង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ និង ស្រាល រួចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។


សមត្ថកិច្ចបានឲ្យដឹងថា អ្នកដែលស្លាប់ឈ្មោះ ឌឿន វែន ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវរថយន្តបើកកិនចំក្បាលបណ្តាលឱ្យស្លាប់មួយរំពេច ចំណែកពីរនាក់ទៀត ឈ្មោះផាន់ ខឿន ភេទប្រុសអាយុ២៥ឆ្នាំ និងឈ្មោះសន ឆក ភេទប្រុស អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់-ស្រាល បញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សទាំងបីនាក់រស់នៅភូមិចាន់តាង៉យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧អា ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ ក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។


យោងតាមពលរដ្ឋដែលឃើញហេតុការណ៍ ដែលពួកគេរស់នៅតាមដងផ្លូវនោះបានឱ្យដឹងថា រថយន្តដឹកដីបានបើកស្របទិសគ្នាក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកគោយន្តកន្ត្រៃដឹកអុសដាក់ឡឥដ្ឋពីខាងក្រោយពេញទំហឹងតែម្តង។ ឃើញដូច្នេះ បន្ទាប់ពីការបុកបណ្តាលឱ្យមនុស្ស និងរងរបួសពេញផ្លូវ អ្នកបើករថយន្តក៏ចុះរត់គេចខ្លួនបាត់ ស្រមោល។ តែទោះយ៉ាងណា រថយន្តបង្កខាងលើត្រូវបានគេស្គាល់ថាជារថយន្តរបស់កូនប្រុសលោកចៅសង្កាត់ស្រះឫស្សី នៃក្រុងស្ទឹងត្រែង។ បច្ចុប្បន្នសម្ថកិច្ចបានធ្វើការវាស់វែង និងកំណត់ហេតុបន្តតាមនីតិវិធីច្បាប់៕




អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews