27 C
Phnom Penh
Wednesday, August 10, 2022

ភាពអាណាធិបតេយ្យ យកបេនឡានលក់ដូរនៅខណ្ឌច្បារអំពៅ កំពុងកើតមាន ប៉ុន្តែអភិបាលខណ្ឌហាក់មិនអើពើ និងគ្មានចំណាត់ការ 

ភ្នំពេញ៖ ការកក់ស្ទះចរាចរណ៍ និងភាពអាណាធិបតេយ្យបានកំពុងតែកើតមានឡើងយ៉ាងខ្លាំង នៅក្នុងខណ្ឌច្បារអំពៅ ជាពិសេសចំណតបេនឡានច្បារអំពៅទី២ ក្លាយទៅជាកន្លែងលក់ដូរត្រីដ៏គគ្រេច មើលទៅហាក់គ្មានសណ្តាប់ធ្នាប់សោះតែម្ដង។ 

បើតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យភ្នាក់ងារ Puthinews  បានដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះថា ចំណតបេនឡានមួយកន្លែងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ កំពុងក្លាយជាទីកន្លែងលក់ត្រីយ៉ាងអាណាធិបតេយ្យបំផុត និងគ្មានសណ្តាប់ធ្នាប់ ព្រោះតែមានការឃុបឃិតគ្នារវាងអាជ្ញាធរ និងអាជីវករលក់ដូរទាំងនោះ ជាហេតុធ្វើឱ្យបាត់បង់កន្លែងចំណតហើយរថយន្តជាច្រើនបានបង្ខំចិត្តចតតាមចិញ្ចើមផ្លូវសាធារណៈ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍សឹងរៀងរាល់ថ្ងៃ។ 

ប្រភពព័ត៌មានផ្សេងទៀតបានដឹងទៀតថា អាជីវករបានបង់លុយឱ្យខាងអាជ្ញាធរ និងម្ចាស់បេនឡាន មួយកន្លែងចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ តាមតូច តាមធំ រៀងរាល់ខែ បើពុំដូច្នោះទេ គេមិនអនុញ្ញាតឱ្យធ្វើការលក់ដូរនៅក្នុងបេនឡាននេះឡើយ។ 

ពីមុនរថយន្តមានចំណតចតល្អ មានសណ្តាប់ធ្នាប់ល្អ ពុំសូវមានការកកស្ទះដូចពេលថ្មីៗនេះឡើយ។ បច្ចុប្បន្ននេះ នៅលើផ្លូវសាធារណៈមុខបេនឡានបានក្លាយជាកន្លែងលក់ដូររបស់ក្រុមអាជីវករមួយចំនួន និងរថយន្តចតយ៉ាងអាណាធិបតេយ្យ បណ្ដាលឱ្យកកស្ទះចរាចរណ៍ជារៀងរាល់ព្រឹក ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ជាពិសេសនៅតាមបណ្ដោយផ្លូវ៣៦៩។ 

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានរិះគន់ថា លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ហាក់គ្មានចំណាត់ការអ្វីនោះទេ ឬមួយគ្រាន់តែរឿងបន្តិចបន្តួចអញ្ចឹងសោះ ក៏រំខានចិត្តអភិបាលរាជធានីភ្នំពេញ និង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យចុះជួយរៀបចំដែរ? ព្រោះថាកន្លងមករឿងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការរៀបចំឱ្យមានរបៀបរៀបរយនៅតាមផ្លូវសាធារណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់និយាយជាច្រើនលើក ច្រើនសារណាស់មកហើយ ហេតុអ្វីមិនអនុវត្តន៍ឱ្យបានតឹងរ៉ឹងត្រឹមត្រូវច្បាស់លាស់៕ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត