30 C
Phnom Penh
Saturday, October 1, 2022

ព្រះមហាក្សត្រ អំពាវនាវឱ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់

(បាត់ដំបង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវ ឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមរយៈព្រះរាជសន្តរកថា ព្រះមហាក្សត្របានមានព្រះបន្ទូលថា នាឱកាសនៃការប្រារព្ធពិធី រុក្ខទិវា ព្រះអង្គសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរនៅតាមទីវត្តអារាមទីសាធារណៈនិងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាម ភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស ស័ព្ទ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់ កម្លាំងខ្យល់កន្ត្រាក់ ស្របឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាសផងដែរ។

ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគ្រូស្រុករដែល ទើបរៀបអាពាហ៍ពិពាហ៍ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ។

«ម្យ៉ាងទៀតសូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះនិងជំនាំន់ក្រោយៗទៀត។ ពិសេសត្រូវចូល រួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយ ណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។

ជាថ្មីម្ដងទៀត ព្រះមហាក្សត្រ សូមអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្ត អង្គការ ជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេច គោលដៅអភិវិឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើព្រមទាំង រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរម រាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង យើងនេះ ប្រកបដោយជោគជ័យ។

ព្រះអង្គសូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត