34 C
Phnom Penh
Saturday, June 25, 2022

ព្រះចៅអធិរាជជប៉ុន ប្រគល់គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”ជូនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ព្រះចៅអធិរាជជប៉ុនប្រគល់គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជូនដល់មន្ត្រីជាន់ខ្ពស់កម្ពុជាដែលមានស្នាដៃ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតក្នុងប្រទេសកម្ពុជា និងការជំរុញទំនាក់ទំនង មិត្តភាពរវាងជប៉ុន និងកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយសពីព្រះចៅអធិរាជជប៉ុនជូនដល់ លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តីរធ្វើឡើងក្រោមវត្តមាន លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅស្ថានទូតជប៉ុន។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ទឹកគឺជាហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះហើយនៅប្រទេសណាក៏ដោយ តែងតែមានផ្នែករសើបខាងនយោបាយទាក់ទងទៅនឹងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសថ្លៃសេវាទឹក និងការរៀបចំប្រតិបត្តិករទឹក។ ប្រទេសកម្ពុជាក៏ដូចប្រទេសដ៏ទៃទៀតដែរ ប៉ុន្ដែ លោក ឯក សុនចាន់ ទទួលបានលទ្ធផលយ៉ាងអស្ចារ្យតាមរយៈការបង្ហាញពីសមត្ថភាពដ៏ឆ្នើមរបស់គាត់នៅរដ្ឋាករទឹក និងសកម្មភាពខាងនយោបាយប្រកបដោយភាពឈ្លាសវៃ។

ក្រោមការដឹកនាំរបស់ លោក ឯក សុនចាន់ និងការគាំទ្រពីអ្នកជំនាញការជាច្រើនពីទីក្រុង Kitakyushu បូករួមការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុនតាមរយៈ JICA អាច សម្រេចបានអត្រាប្រមូលថ្លៃសេវាទឹកស្ទើរតែ១០០% កាត់បន្ថយអត្រាបាត់បង់ទឹកបានយ៉ាងទាបបំផុត និងគុណភាពទឹកខ្ពស់នៅរាជធានីភ្នំពេញ។ ស្ដង់ដារទាំងនេះដូចគ្នាទៅ នឹងប្រទេសជប៉ុនដែរ ហើយប្រទេសអាស៊ានដែលបានឈានដល់ស្ដង់ដារនេះ គឺមានតែនៅទីក្រុងភ្នំពេញ និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ប្រទេសជប៉ុនបានផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដល់កម្ពុជារហូតមកដល់ពេលនេះ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទឹកទទួលបានលទ្ធផលលេចធ្លោ ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា វិស័យទឹកស្អាតកម្ពុជាអាចសម្រេចបានដូចសព្វថ្ងៃនេះ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំនួយហិរញ្ញប្បទានសម្បទានពីប្រទេសជាមិត្ត ក្នុងនោះជប៉ុនបាននាំមុខគេក្នុងវិស័យទឹកស្អាត។ លោកមានកិត្តិយសបានរាជរដ្ឋាភិបាលទុកចិត្ត ប្រគល់ភារកិច្ចដ៏ថ្លៃថ្លានេះឱ្យ។ លោកមានបំណងតែមួយគត់គឺ កសាងសេវាទឹកស្អាតមួយមានប្រសិទ្ធភាពមិនចាញ់ប្រទេសជិតខាង និង អាចរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជន។

ក្រោយរបបប្រល័យពូជសាសន៍បានរលំនៅថ្ងៃ៧មករា នៅឆ្នាំ១៩៩៣ ប្រជាជនដែលបានវិលត្រឡប់មកភ្នំពេញវិញ រស់នៅក្នុងស្ថានភាពខ្វះគ្រប់យ៉ាង ពិសេសខ្វះទឹកស្អាតសម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រប់គ្រួសារ មានគ្រួសារប្រមាណជា២០%ប៉ុណ្ណោះដែលបានទទួលទឹកពីបំពង់ផ្គត់ផ្គង់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ជាមធ្យមតែ៨ម៉ោងក្នុង១ថ្ងៃតែប៉ុណ្ណោះ ទឹកនោះគ្មានសំពាធ និងគ្មានគុណភាពឡើយ។ ស្ថានភាពនេះបង្ខំឱ្យអ្នកខ្វះទឹក ត្រូវទិញទឹកក្នុងតម្លៃខ្ពស់ហួសប្រមាណ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ រដ្ឋាករទឹកមិនមានលទ្ធភាពសងថ្លៃអគ្គិសនី និងគីមីសម្រាប់ផលិតទឹកឡើយ។ នៅក្នុងកាលៈទេសៈដូចនេះហើយ ដែលរដ្ឋាភិបាលជប៉ុនបានមកជួយវិស័យទឹកស្អាតនៅភ្នំពេញ ចាប់ផ្តើមពីការកសាងប្លង់មេឆ្នាំ១៩៩៣-២០១០ ដល់គម្រោងសំណង់រូបវន្តប្រកបដោយគុណភាព និងកម្មវិធីកសាងសមត្ថភាពស្ថាប័នធរបស់ JICA ដែលបាន អនុវត្តដំបូងបង្អស់នៅភ្នំពេញ នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ និងបន្ទាប់មកបន្តទៅបណ្តាខេត្តរហូតដល់បច្ចុនប្បន្ន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត