ភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ប្រទានជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង (១៤ កក្កដា)។
ព្រះរាជសារ ព្រះករុណា បានបញ្ជាក់ផងដែរថា ៖ “ទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃកិច្ចសហប្រតិបត្តិការពហុភាគី និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង នៅតែមានភាពរឹងមាំ ហើយប្រទេសរបស់យើងទាំងពីរមានផលប្រយោជន៍រួមនៅក្នុងវេទិកាពហុភាគីសំខាន់ៗដូចជា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហ្វ្រង់កូហ្វូនី អង្គការយូណេស្កូ និងអង្គការពាណិជ្ជកម្មពិភពលោក ជាដើម”។
ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្ថែមថា ព្រះអង្គនឹងទន្ទឹងរង់ចាំក្នុងការបន្តរក្សាទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្ការបស់ប្រទេសទាំងពីរ។
ទិវាបុណ្យជាតិបារាំង ១៤ កក្កដា ត្រូវបានប្រជាជនបារាំងប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការវាយលុកកាន់កាប់គុក Bastille នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ ដែលនេះជាចំណុចចាប់ផ្តើមនៃបដិវត្តន៍បារាំងផ្តួល រំលំរបបរាជានិយមផ្តាច់ការ ហើយបង្កើតជារបបសាធារណរដ្ឋវិញ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News