27.3 C
Phnom Penh
Monday, September 25, 2023

ពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញប្រាសា្រទបន្ទាយពីរជាន់

ព្រះវិហារ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានដឹកនាំមន្រ្តីបច្ចេកទេស រៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ បានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។ ដោយយល់ឃើញថា វត្ថុសិល្បៈទាំងនោះ ចាំបាច់ត្រូវរៀបចំទុកដាក់ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឲ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាល ដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម។ គម្រោងនេះបានទទួលថវិកាពីមូលនិធិអង្គរដើម្បីការអភិរក្ស និងការអភិវឌ្ឍន៍៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img