35 C
Phnom Penh
Sunday, June 26, 2022

ពលរដ្ឋ៥២គ្រួសារនៅខេត្តកំពង់ស្ពឺ បានលក់ដីស្រែទៅឱ្យក្រុមហ៊ុនមួយជាង១ឆ្នាំមកហើយ និងប្រគល់ឯកសារអស់ តែបានត្រឹមលុយកក់ ៥០ដុល្លារប៉ុណ្ណោះ

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន៥២គ្រួសារ រស់នៅក្នុងភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្នើរសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ក្រោយរងគ្រោះលក់ដីស្រែឱ្យទៅក្រុមហ៊ុនជាងមួយឆ្នាំមកហើយ បានតែត្រឹមលុយទ្រនាប់ដៃចំនួន៥០ដុល្លារប៉ុណ្ណោះ ហើយប្លង់ដីពួកគាត់បានប្រគល់ទៅឱ្យគេអស់ទៅហើយ។

លោក ប៊ួក ប៊ិន អាយុ៥៧ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួ៥២គ្រួសារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា ពួកគាត់បានលក់ដីស្រែចំនួន១១៨ក្បាលដី ឱ្យទៅក្រុមហ៊ុនមួយដែលមានត្រឹមតំណាងជាអ្នកភូមិជាមួយគ្នា ឈ្មោះ សុន ឈឿង ភេទប្រុស អាយុ៤៥ឆ្នាំ ដោយលក់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្នុងមួយម៉ែត្រការ៉េតម្លៃ៧ដុល្លារ។ ក្នុងនោះផងដែរពួកគាត់បានប្រគល់ឯកសារ(ប័ណ្ណកាន់កាប់)ឱ្យទៅឈ្មោះនេះអស់ដោយបានត្រឹមតែលុយទ្រនាប់ដៃក្នុងមួយគ្រួសារ៥០ដុល្លាប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាននឹងទូទាត់ក្នុងខែបន្តបន្ទាប់ទៀត។

តំណាងរូបនេះបន្តថា ដោយការរង់ចាំចេះតែកន្លងផុតទៅពីខែមួយទៅខែមួយ និងការសន្យាចេះតែបន្តមិនចេះឈប់ពីឈ្មោះ សុន ឈឿង ហើយដោយយោងលើកត្តាជីវភាពប្រចាំថ្ងៃទើបមកដល់ថ្ងៃនេះពួកគាត់សម្រេចស្នើរសុំឱ្យអាជ្ញាធរជួយចាត់វិធានការលើបុគ្គលខាងលើ ដើម្បីសុំឯកសារដីដែលយកទៅត្រឡប់មកវិញ។

ក្រោយពីមានការស្នើរសុំ លោក កេត សុខុម មេឃុំស្គុះក៏បានឱ្យដឹងដែរថា រឿងនេះពលរដ្ឋខាងលើធ្លាប់មានប្រតិកម្មជាច្រើនដងមកហើយ និងអាជ្ញាធរឃុំក៏បានព្យាយាមកោះហៅឈ្មោះ សុន ឈឿង ជាបន្តបន្ទាប់ផងដែរ តែបុគ្គលរូបនេះបានព្យាយាមលើកពេលរហូតមក។ នៅថ្ងៃចុងក្រោយនេះក៏បានកោះហៅម្តងទៀតឱ្យឈ្មោះ សុន ឈឿង ដែលតំណាងឱ្យក្រុមហ៊ុនមកធ្វើកិច្ចសន្យាប្រគល់ឯកសារដីនោះត្រឡប់មកវិញដើម្បីឱ្យប្រជាពលរដ្ឋអាចលក់ដូរ ឬផ្ទេរកម្មសិទ្ធិដោះស្រាយជីវភាពប្រចាំថ្ងៃទៅតាមតម្រូវការពួកគាត់។

ជុំវិញការស្នើរសុំនេះ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទងក៏បានឱ្យដឹងដែរថា លោកនឹងចាត់ការរឿងនេះយ៉ាងឆាប់រហ័សបំផុត ដើម្បីបំពេញតាមការសំណូមពររបស់ពួកគាត់។ ដូច្នេះប្រជាពលរដ្ឋទាំង ៥២គ្រួសារ កុំមានការបារម្ភ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត