26 C
Phnom Penh
Saturday, October 1, 2022

ពលរដ្ឋរុស្ស៊ីសម្រុកទិញប្រាក់យ័នចិនទុក កាត់បន្ថយប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ

(ម៉ូស្គូ)៖ ធនាគាររដ្ឋរុស្ស៊ី Otkritie បានឱ្យដឹងថា ប្រជាជនរុស្ស៊ីបានប្រញាប់ប្រញាល់ទិញប្រាក់យ័នរបស់ចិនទុក ដើម្បីធ្វើពិពិធកម្មការកាន់កាប់រូបិយប័ណ្ណបរទេសរបស់ពួកគេ ដោយងាកចេញពីប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ខណៈដែលក្រសួងហិរញ្ញវត្ថុមានបំណងចាប់ផ្តើមឡើងវិញនូវអន្តរាគមន៍អត្រាប្តូរប្រាក់បរទេសដោយប្រើរូបិយប័ណ្ណរបស់ប្រទេសជាមិត្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារ Otkritie បានឱ្យដឹងនៅក្នុងកំណត់ត្រាមួយថា តម្រូវការប្រាក់យ័នបានកើនឡើង ៨ដងចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលធនាគារកណ្តាលរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការទិញរូបិយប័ណ្ណបរទេស ដែលធនាគារនេះបានដាក់ចេញដើម្បីកំណត់ផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិចលើវិស័យហិរញ្ញវត្ថុ។

ធនាគារ Otkritie បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ការទិញប្រាក់ផោនអង់គ្លេស និងហ្វ្រង់របស់ស្វ៊ីសដោយជនជាតិរុស្ស៊ីបានកើនឡើង ២,៥ដង ខណៈដែលរូបិយប័ណ្ណដ៏ពេញនិយមផ្សេងទៀត ដូចជាប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ មានតម្រូវការថយចុះ។

លោកស្រី Aliya Zubkova អនុប្រធាននាយកដ្ឋានទីផ្សារហិរញ្ញវត្ថុនៅធនាគារ Otkritie បានប្រាប់រ៉យទ័រថា៖ “ប្រាក់យ័នចិនបានបង្ហាញពីស្ថិរភាព និងការប្រែប្រួលទាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាអាចក្លាយជាឧបករណ៍សំខាន់សម្រាប់ធ្វើពិពិធកម្មការសន្សំប្រាក់បរទេស”។

ផ្សារហ៊ុន Moscow Exchange បានឱ្យដឹងថា ទំហំជួញដូររូបិយបណ្ណយ័នបានឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៤៤,៣ប៊ីលានរូប (៧០៣លានដុល្លារ) ក្នុងសប្តាហ៍នេះ ខណៈដែលក្រសួងហិរញ្ញវត្ថុព្យាយាមចាប់ផ្តើមឡើងវិញនូវការទិញរូបិយប័ណ្ណបរទេសសម្រាប់រូបិយប័ណ្ណរបស់ប្រទេសដែលរុស្ស៊ីហៅថាជាមិត្ត ដើម្បីទប់ស្កាត់កំណើនថ្លៃប្រាក់រូប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត