33 C
Phnom Penh
Sunday, September 24, 2023

ពលរដ្ឋនៅស្រុកអង្គរធំ ខេត្ដសៀមរាប ស្នើអាជ្ញាធរជួសជុលផ្លូវកៅស៊ូមួយខ្សែរងការខូចខាតជាច្រើនឆ្នាំ ខណៈ​ក្រសួងនឹងស្ដារឡើងវិញក្នុងឆ្នាំនេះក្រោយពិនិត្យជាក់ស្ដែង

សៀមរាប៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរ នៅស្រុកអង្គរធំ បានត្អូញត្អែរពីការពិបាកធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនទំនិញកសិកម្ម នៅតាមដងផ្លូវមួយខ្សែ ចេញពីចំណុចស្រុកអង្គរធំ កាត់ស្រុកអង្គរជុំ ឆ្ពោះទៅកាន់ស្រុកវ៉ារិន ខេត្ដសៀមរាប ដោយសារផ្លូវនោះរងការខូចខាតទាំងស្រុង ដែលបណ្ដាលមកពីរថយន្តធំធុនធ្ងន់ដឹកទំនិញ ជាពិសេសរថយន្តដឹកថ្ម បើកឆ្លងកាត់ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវនៃស្រុកអង្គរធំ បានឱ្យដឹងថា ផ្លូវដែលរងការខូចខាតយ៉ាងដំណំនោះអស់រយ:ពេលជាង៣ឆ្នាំមកហើយ ដោយចាប់ពីចំណុចទីរួមស្រុកអង្គរធំ ឆ្ពោះទៅកាន់ស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្ដសៀមរាប ។ ការខូចផ្លូវនេះ ដោយសាររថយន្ដធុនធ្ងន់របស់ក្រុមហ៊ុនដឹកថ្ម និងដឹកទំនិញធុនធ្ងន់ឆ្លងកាត់លើសទម្ងន់ ខណៈដែលផ្លូវនោះខ្វះគុណភាព មិនអាចទ្រទម្ងន់បាន ខ្វះការយកចិត្ដទុកដាក់ធ្វើការជួសជុលឡើវិញពីអាជ្ញាធរ ទើបធ្វើឱ្យផ្លូវមួយខ្សែនេះ ខូចខាតធ្ងន់ ពួកគាត់ជួបការលំបាកក្នុងការធ្វើដំណើរ និងបាត់បង់ការប្រកបរបរចិញ្ចឹមជីវិតគ្រួសារ។

ប្រជាពលរដ្ឋបានបន្ដថា ផ្លូវកៅស៊ូនោះមានសារៈសំខាន់ណាស់ ក្នុងការដឹកជញ្ជូនវិស័យកសិកម្ម ដែលទីនោះមានប្រជាពលរដ្ឋដឹកទំនិញកសិកម្មឆ្លងកាត់រាល់ថ្ងៃ ឆ្ពោះទៅកាន់ក្រុងសៀមរាប ក៏ដូចជាចេញទៅតាមបណ្ដាខេត្ដផ្សេងៗផងដែរ។ ពួកគាត់បន្ដថា កាលពីមិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ ថ្ម ក្រួសក្រហម ឆ្លងកាត់ ដោយរថយន្តប្រភេទធន់ធំៗទេ គឺការធ្វើដំណើររបស់ពួកាត់ចូលក្រុងសៀមរាបបានលឿនឆាប់រហ័ស ជាពិសេសមិនប៉ះពាល់ដល់ការដឹកជញ្ជូនដំណាំកសិកម្មរបស់ប្រជាប្រពលរដ្ឋនៅទីនោះផងដែរ ប៉ុន្ដែក្រោយពេលទ្រុឌទ្រោមខ្លាំង បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ការធ្វើដំណើររបស់ប្រជាកសិករ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានទទួលស្គាល់ថា ផ្លូវកៅស៊ូមួយខ្សែនេះ បានរងការខូចខាត។ ប៉ុន្តែទោះយ៉ាងណា លោកអភិបាលស្រុកមិនបានធ្វើការអត្ថាធិប្បាយអ្វីបន្ថែមទេ ដោយលោកប្រាប់ថា លោករវល់ប្រជុំ។

ជាមួយគ្នានេះលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានឲ្យដឹងថា ផ្លូវដែលកំពុងរងការខូចខាតយ៉ាងធ្ងន់នោះ លោកបានចាត់ចែងទៅក្រសួងរួចហើយ ហើយក្រសួងកំពុងរៀបចំថវិកាជាមួយខេត្ត ដើម្បីជួសជុលផ្លូវមួយខ្សែនេះឱ្យដូចដើមវិញ ដោយលោកបញ្ជាក់ថា អាចជួសជុលឡើងវិញក្នុងឆ្នាំនេះ នៅពេលដែលក្រសួងបានរៀបចំត្រួតពិនិត្យផ្លូវជាក់ស្តែង។

សូមបញ្ជាក់ថា ផ្លូវដែលកំពុងខូចខាតមួយខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូលេខ២SR២ មានប្រវែងប្រមាណជាង២៨គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីកែងប្រាសាទព្រះខ័ន្ត ព្រំប្រទល់ក្រុងសៀមរាប គឺឆ្ពោះទៅឃុំជប់តាត្រាវ ព្រំប្រទល់ស្រុកអង្គរជុំ ខេត្តសៀមរាប៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

- Advertisement -spot_img

អានបន្ត

spot_img
spot_img