31 C
Phnom Penh
Thursday, June 30, 2022

ពលករមកពីប្រទេសថៃចំនួន៤៧នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅព្រំដែន ខណៈអាជ្ញាធរកំពុងពង្រឹងទប់ស្កាត់ជំងឺកូវីដ បំប្លែងថ្មីអូមីក្រុង

បាត់ដំបង៖ ស្របពេលដែលពលករខ្មែរនៅប្រទេសថៃ កំពុងនាំគ្នាវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃនោះ អាជ្ញាធរនៅតាមបណ្តោយព្រំដែននៃខេត្តបាត់ដំបង ក៏បាននឹងកំពុងធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសការហូរចូលមេរោគបំប្លែងថ្មី អូមីក្រុង និងបានធ្វើការរឹតបន្តឹងដល់ការហូរចូលរបស់ពលករមកពីប្រទេសថៃ ក្នុងការយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដជាដើម ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ពលករចំនួន១៦០នាក់ ក្នុងនោះមានស្រីចំនួន៥២នាក់ និងក្មេង១៣នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានបញ្ជាក់ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លើកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសការពង្រឹងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញ ចូល ដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបងនោះ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។

លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេសរហ័សលើពលករទាំង១៦នាក់ ជាលទ្ធផលគឺអវិជ្ជមានកូវីដ-១៩ ទាំងអស់ តែក្នុងនោះមានពលករចំនួន៤៧នាក់ ស្រី១៦នាក់ និងក្មេង១៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនដោយមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១១៣នាក់ ស្រី៣៦នាក់ និងក្មេង១៥នាក់ ដែលមានកាតចាក់វ៉ាក់សាំងបានពេញលេញ ក្នុងនោះក៏បានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់១៨ឆ្នាំ បានចំនួន១០នាក់ ស្រី៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត