(អឺរ៉ុប)៖ ខ្សែបម្រើ Jesse Lingard បានសម្រេចជាផ្លូវការក្នុងការផ្ទេរចេញពីក្លិប Manchester United ដែលទទួលយកកិច្ចសន្យារយៈពេល ១ឆ្នាំ ដែលការផ្ទេរនេះមិនមានតម្លៃខ្លួននោះទេ សម្រាប់ការចូលរួមជាមួយក្លិប Nottingham Forest ក្រោយផុតកិច្ចសន្យាជាមួយបិសាចក្រហម ដែលស្ថិតក្នុងលីគអង់គ្លេស Premier League ដូចគ្នា។
ក្នុងនោះប្រភពពី Daily Mail បានឲ្យដឹងផងដែរថា ខ្សែបម្រើឆ្នើមរូបនេះ បានយល់ព្រមទទួលកិច្ចសន្យាដែលមានទឹកប្រាក់ ២០ម៉ឺនផោនក្នុង ១សប្តាហ៍ជាមួយ Forest ដែលជាកិច្ចព្រមព្រៀងដ៏ភ្ញាក់ផ្អើលមួយនៃទីផ្សារដោះដូររដូវក្តៅនេះ។


បុរសសញ្ជាតិអង់គ្លេស វ័យ ២៩ឆ្នាំរូបនេះ ជាខ្សែបម្រើឆ្នើមម្នាក់បានក្លាយជាសមាជិកថ្មីទី១១ របស់ក្លិបដែលទើបឡើងមកលេងនៅលីគកំពូលសារជាថ្មី ខណៈរូបគេក៏ធ្លាប់ត្រូវបានប្រកាសថា ផុតកិច្ចសន្យាជាមួយ United តាំងពីខែមិថុនា នាមជាកីឡាករបានរួមរស់អស់រយៈពេលជាង ២០ឆ្នាំនៅទឹកដី Old Trafford។
មុនការចាកចេញទៅកាន់ Forest ដែលជាគូប្រជែងនៅ Premier League សរុបជារួមរូបគេបានបង្ហាញខ្លួន ២៣២ប្រកួត និងរកបាន ៣៥គ្រាប់ជាមួយបិសាចក្រហម ដ្បិតរដូវកាលមុនរកបានតែ ២គ្រាប់ក្នុងចំណោម ២២ប្រកួត និងបានឈ្នះពានធំៗមួយចំនួនដូចជា ពាន UEFA Europa League, FA Cup, EFL Cup និងពាន FA Community Shield ទៀតផង៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News