ផ្ទាំងទឹកកករបស់ប្រទេសស្វីស កំពុងរលាយក្នុងអត្រាដ៏អាក្រក់បំផុត ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើមកាលជាងមួយសតវត្សរ៍មុន ពោលគឺផ្ទាំងទឹកកក បានបាត់បង់ ៦% ហើយ នៃបរិមាណដែលនៅសល់ក្នុងឆ្នាំនេះ ឬរលាយខ្លាំង ជិតពីរដង បើធៀបនឹងកំណត់ត្រាមុនកាលពីឆ្នាំ២០០៣។ នេះបើតាមការឱ្យដឹងពីបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកកស្វីស (GLAMOS) កាលពីថ្ងៃពុធទី២៨ខែកញ្ញា។
ការរលាយគឺខ្លាំងមែនទែននៅឆ្នាំនេះសូម្បីតែថ្មដែលកប់អស់រាប់សហស្សវត្សរ៍មកហើយនោះ ក៏បានលេចចេញជាថ្មីផងដែរនៅកន្លែងមួយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីសាកសព និងដល់ថ្នាក់យន្តហោះដែលបាត់នៅកន្លែងផ្សេងលើភ្នំ Alps រាប់ទសវត្សរ៍មកហើយនោះ ក៏ត្រូវបានគេឃើញឡើងវិញផងដែរ។ លើសពីនេះផ្ទាំងទឹកកកតូចៗផ្សេងទៀតបានរលាយបាត់រូបរាងអស់ហើយ។


លោក Matthias Huss ប្រធានស្ថាប័នឃ្លាំមើល GLAMOS បានប្រាប់រ៉យទ័រថា “យើងបានដឹងពីសេណារីយ៉ូអាកាសធាតុថា ស្ថានភាពនេះនឹងមកដល់ យ៉ាងហោចណាស់នៅកន្លែងណាមួយនាពេលអនាគត។ ឥឡូវនេះ ប្រហែលជាបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើល ឬរន្ធត់បំផុតក្នុងរដូវក្ដៅនេះ”។
ជាងពាក់កណ្តាលនៃផ្ទាំងទឹកកកនៅភ្នំ Alps គឺស្ថិតនៅក្នុងប្រទេសស្វីស ដែលជាកន្លែងសីតុណ្ហភាពកើនឡើងប្រហែលពីរដង បើធៀបនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោក។
ការរលាយយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដែលមានបរិមាណទឹកកកប្រហែល ៣គីឡូម៉ែត្រគូប ស្មើនឹងទឹក៣ ពាន់ពាន់លានលីត្រ គឺជាលទ្ធផលនៃកម្រិតព្រិលធ្លាក់ទាបក្នុងរដូវរងា គួបផ្សំជាមួយនឹងរលកកម្ដៅខ្លាំង។
ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើង ផ្ទាំងទឹកកកភ្នំ Alps ត្រូវបានគេរំពឹងថា នឹងបាត់បង់ច្រើនជាង ៨០% នៃម៉ាស់បច្ចុប្បន្នរបស់វានៅត្រឹមឆ្នាំ ២១០០៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News