26 C
Phnom Penh
Saturday, October 1, 2022

ប្រមុខ UN អំពាវនាវឲ្យបង្កើត «តំបន់គ្មានយោធា» នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន

(កៀវ)៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប គឺរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលបានជំរុញឲ្យប្រមុខអង្គការសហប្រជាជាតិ (UN) ស្នើឡើងឲ្យមានការបង្កើតតំបន់គ្មានយោធា នៅទីនោះ ចំពោះមុខការភ័យខ្លាចនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

មន្រ្តីអ៊ុយក្រែន បានអះអាងថា អគាររោចក្រ Zaporizhzhia បានរងការវាយប្រហារចំនួន៥លើក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រួមទាំងនៅជិតកន្លែង ដែលមានផ្ទុកសារធាតុវិទ្យុសកម្មផងដែរ។ រីឯ ក្រុមមន្ត្រីដែលត្រូវបានរុស្ស៊ីលើកបន្តុប បាននិយាយថា អ៊ុយក្រែនបានបាញ់ផ្លោងរោងចក្រនេះចំនួន ២លើក។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នានៅជិតរោងចក្រខាងលើនេះ។ លោក ហ្គូទែររ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភាគីទាំងពីរមិនត្រូវប្រើប្រាស់រោងចក្រថាមពលនេះ ធ្វើជាផ្នែកមួយនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងជាបន្ទាន់ គឺត្រូវការជាចាំបាច់ សម្រាប់ការបង្កើតតំបន់គ្មានយោធា ដើម្បីធានាសុវត្ថិភាព»។

គួរបញ្ជាក់ថា បច្ចុប្បន្នរោងចក្រ Zaporizhzhia ស្ថិតក្រោមកាន់កាប់ដោយទាហានរុស្ស៊ី តែដំណើរការដោយកម្មករអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវឲ្យមានតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ចុះពិនិត្យទីតាំងនោះ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឲ្យរុស្ស៊ីប្រគល់រោងចក្រ នេះមកអ៊ុយក្រែនគ្រប់គ្រងវិញ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត