ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី កាលពីរសៀលថ្ងៃទី១៣ខែ មករាឆ្នាំ២០២២ម្សិលមិញ។
ជំនួបពិភាក្សា ប្រមុខការទូតទាំងពីរ បានផ្តោតសំខាន់លើការបំពេញបេសកកម្មរបស់ប្រមុខដឹកនាំប្រទេសដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យប្រទេសសមាជិកអាស៊ានមួយនេះ ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិនៃប្រទេសមីយ៉ាន់ម៉ាឡើងវិញ។


នៅលើផេកហ្វេសប៊ុក លោក ឧបនាយករដ្ឋមន្ត្រីប្រាក៎សុខុន បានសរសេរយ៉ាងនេះថា៖ នៅរសៀលនេះ ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ ដោយត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា។
យើងទាំងពីរសោកស្តាយ ដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងធ្វើនៅខេត្តសៀមរាបត្រូវបានលើកទៅពេលក្រោយ។ ខ្ញុំក៏រីករាយណាស់ដែរ ដែលលោកបានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា។ យើងបន្តសង្ឃឹមថា នឹងអាចចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកជីវភាពធម្មតាវិញ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
YOUTUBE | Puthinews