ស្តាប់អត្ថបទជាសំឡេង
កំពត៖ អង្គភាពរដ្ឋាករទឹកខេត្តកំពត ស្ថិតនៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ជាមួយនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRAN ដែលបានសាងសង់ដោយក្រុមហ៊ុន ស៊ីន ហូរ។ ក្នុងពិធីសម្ភោធនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។


លោក ម៉ៅ ធនិន បានលើកឡើងថា វិស័យទឹកស្អាត ជាវិស័យដែលមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកវិស័យទឹកស្អាតក្នុងខេត្តកំពតបច្ចុប្បន្ន មានភាពរីកចម្រើនជាលំដាប់ ដែលមានអង្គភាពផ្គត់ផ្គង់ទឹកស្អាតមួយជារបស់រដ្ឋ គឺអង្គភាពរដ្ឋាករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ១៨មូលដ្ឋាន គ្របដណ្តប់លើ ២ក្រុង និង៧ស្រុក ស្មើនឹង ៤២ឃុំ-សង្កាត់ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ចំនួន ៤៤,១០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានប្រជាពលរដ្ឋក្នុងតំបន់សេវាមានចំនួន ៥២,២៧១គ្រួសារ ស្មើនឹង ២៦១,៣៣៥នាក់ ក្នុងនោះប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់មានចំនួន ២៩,២៤៤គ្រួសារ ស្មើនឹង ៥,៥៦៣នាក់។ ទន្ទឹមនឹងនេះ សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនតាមបណ្តាស្រុក ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋតាមរយៈការផ្តល់ជូននូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយចំនួនទៀតផងដែរ។



ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ បានលើកឡើងថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលប្រើបច្ចេកវិទ្យាថ្មី UFUF-MEMBRAN ដែលដំឡើងនៅអង្គភាពរដ្ឋាករទឹកខេត្តកំពតនេះ ជាសមិទ្ធផលថ្មីមួយទៀតដើម្បីឆ្លើយតបបានទៅនឹងអនុសាសន៍របស់តេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រឱ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ក្នុងនោះប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ ជាប្រភពពហុបំណង។ សមទ្ធិផលទាំងនេះ ក្រសួងក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅដែលបានដាក់ចេញតាំងពីមុនឆ្នាំ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងផ្នែកឯកជន។ ការផលិតទឹកស្អាតដោយប្រើប្រព័ន្ធបច្ចេកវិទ្យាមានគុណភាពខ្ពស់នេះ នឹងអាចពិសារបានដោយមានការគ្រប់គ្រងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យទៅលើគុណភាពទឹកនៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។



លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្នុងន័យនេះការអភិវឌ្ឍវិស័យទឹកស្អាត ជាការចាំបាច់ដែលត្រូវមានការចូលរួមសហការអនុវត្តយ៉ាងសកម្មពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០ភាគរយ ដល់ឆ្នាំ២០២៣ និង ១០០ភាគរយនៅត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ «ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕
















អត្ថបទ និងរូបភាពដោយPuthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews