28 C
Phnom Penh
Thursday, June 23, 2022

ប្រធានាធិបតីរុស្ស៊ី៖ទណ្ឌកម្មបស្ចិមលោកជាទណ្ឌកម្មគ្មានការពិចារណា និងបានបង្កើតអតិផរណា

នៅថ្ងៃសុក្រ ទី១៧ មិថុនា ប្រធានាធិបតីរុស្ស៊ីបានចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Saint-Pétersbourg ប្រទេសរុស្ស៊ី។

នៅ​ថ្ងៃ​សុក្រ ទី១៧ មិថុនា ប្រធានាធិបតី​រុស្ស៊ី​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ទីក្រុង Saint-Pétersbourg ប្រទេស​រុស្ស៊ី។ ថ្លែង​នា​ឱកាស​នោះ លោក​ពូទីន​បាន​លើក​ច្រើន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​លោក​បាន​ហៅ​ជា​ប្រតិបត្តិការ​យោធា​ពិសេស ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ប្រឆាំង​រុស្ស៊ី រួម​ទាំង​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​ជាប់គាំង​ផលិតផល​គ្រាប់​ធញ្ញជាតិ និង​ស្រូវសាលី​អ៊ុយក្រែន​នៅ​កំពង់ផែ​អ៊ុយក្រែន។

វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ទីក្រុង Saint-Pétersbourg ឆ្នាំ ២០២២ នេះ​ជា​ឱកាស​មួយ​ល្អ​ណាស់​សម្រាប់​លោក​ពូទីន​ដើម្បី​វាយ​បក​លើ​បស្ចិមលោក​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ លោក​ពូទីន​បាន​ចោទ​បស្ចិមលោក​ពី​បទ​ចង់​កម្ទេច​រុស្ស៊ី​ដោយ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​មាន​ភាព​ក្រអឺតក្រទម​តាម​បែប​អាណានិគម។ ប្រធានាធិបតី​រុស្ស៊ី​បាន​ហៅ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ជា​ទណ្ឌកម្ម​ឆ្កួតលីលា គ្មាន​ការ​ពិចារណា និង​គ្មាន​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ចុះ​ខ្សោយ​ឡើយ។ « យើង​ជា​ប្រជាជន​ខ្លាំង ហើយ​យើង​អាច​ប្រឈម​ទប់​នឹង​រាល់​បញ្ហា​ប្រឈម​ទាំង​អស់។ ដូច​ជា​ជីដូនជីតា​របស់​យើង​ដែរ យើង​នឹង​ដោះស្រាយ​លើ​គ្រប់​បញ្ហា​ទាំង​អស់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ពូទីន។

គួរ​បញ្ជាក់​ថា តាំង​ពី​រុស្ស៊ី​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី២៤ កុម្ភៈ បស្ចិមប្រទេស​បាន​ពួត​ដៃ​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចាស់ដៃ​ប្រឆាំង​រុស្ស៊ី​នៅ​លើ​គ្រប់​វិស័យ​ដែល​គ្មាន​ប្រទេស​ណា​មួយ​ធ្លាប់​ជួប​ទេនៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​សម័យ​ថ្មី​នេះ។ តែ​តាម​លោក​ពូទីន គឺ​សហភាព​អឺរ៉ុប​ខ្លួន​ឯង​ជា​អ្នក​ខាតបង់​ច្រើន​ជាង​គេ​ដោយសារ​ទណ្ឌកម្ម​នេះ ពោល​ខាតបង់​ជាង ៤០០ ០០០លានដុល្លារ។ លោក​ពូទីន​បាន​អះអាង​ថា កំណើន​អតិផរណា​នៅ​អឺរ៉ុប និង​នៅ​អាមេរិក កំណើន​តម្លៃ​ថាមពល កំណើន​តម្លៃ​ទំនិញ ពិសេស​គ្រាប់​ធញ្ញជាតិ និង​ស្រូវសាលី​ជា​កំហុស​របស់​បស្ចិមលោក ពោល​មិនមែន​ដោយសារ​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន​ទេ។

ទាក់ទង​នឹង​ការ​ជាប់គាំង​គ្រាប់ធញ្ញជាតិ និង​ស្រូវសាលី​នៅ​កំពង់ផែ​អ៊ុយក្រែន​ក្នុង​សមុទ្រខ្មៅ​ត្រូវ​បាន​លោក​ពូទីន​រម្លឹក​ជា​ថ្មី​ថា រុស្ស៊ី និង​ទាហាន​រុស្ស៊ី​មិនមែន​ជា​អ្នក​ដាក់​គ្រាប់មីន​នៅ​កំពង់ផែ​អ៊ុយក្រែន ហើយ​រុស្ស៊ី និង​ទាហាន​រុស្ស៊ី​ក៏​មិន​បាន​រារាំង​មិន​ឲ្យ​អ៊ុយក្រែន​នាំ​ចេញ​គ្រាប់ធញ្ញជាតិ និង​ស្រូវសាលី​ទាំង​នោះ​ទៅ​បរទេស​ដែរ។ ចុងក្រោយ លោក​ពូទីន​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​បន្ត​ប្រតិបត្តិការ​យោធា​ពិសេស​រហូត​ដល់​គោលដៅ​ដែល​បាន​កំណត់៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត