ហុងកុង៖ ប្រធានាធិបតីចិន ស៉ី ជិនពីង នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅដល់ទីក្រុងហុងកុង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរគម្រប់ខួប២៥ឆ្នាំ គិតចាប់តាំងពីអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ បានវិលត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
វាគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ទៅកាន់ទីក្រុងហុងកុង គិតចាប់តាំងពីឆ្នាំ២០១៧មក។ ក្នុងឱកាសបំពេញទស្សនកិច្ច នៅហុងកុង លោកប្រធានាធិបតីចិន ក៏នឹងចូលរួមពិធីស្បថចូលកាន់តំណែងជាផ្លូវការ របស់លោក ចន លី (John Lee) ដែលជាអភិបាលថ្មី នៃទីក្រុងស្វយ័តនេះផងដែរ។


គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយ ទៅកាន់ហុងកុង កាលពីឆ្នាំ២០១៧ លោក ស៉ី បានធ្វើការព្រមានជាពិសេស ប្រឆាំងទៅនឹងសកម្មភាពទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចំពោះអធិបតេយ្យរបស់ប្រទេសចិន។ ក្នុងឆ្នាំ២០១៩ ប្រជាជនហុងកុងរាប់លាននាក់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងកក្រើក ប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលចិន ដែលជាហេតុជំរុញឱ្យទីក្រុងប៉េកាំងដាក់ចេញនូវ ច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងមួយសម្រាប់ហុងកុង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងស្ថិរភាពឡើងវិញ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News