28 C
Phnom Penh
Sunday, June 26, 2022

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដំណើរការវិវត្តន៍មានភាពដ៏ល្អប្រសើរ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់ទៅ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាថា ដំណើរការវិវត្តន៍មានភាពដ៏ល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទិ្ធមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃរីករាលដាលនៃជំងឺកូវីដ-១៩។

លោក កែវ រ៉េមី បានប្រាប់ដូចនេះទៅ លោក ហ្សាក់ ប៉ឺឡេ ដូចនេះ បានធ្វើឡើងក្នុងជំនួបសន្ទនាគ្នាជាលើកដំបូង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្នុងនោះ ភាគីទាំងពីរបានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣គឺ បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស បេសកកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។

ក្រៅពីប្រាប់ស្ថានភាពដ៏ល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស លោក កែវ រ៉េមី ក៏បានប្រាប់ទៅ លោក ហ្សាក់ ប៉ឺឡេ ផងដែរអំពី បេសកកម្មការងារ និងសមិទ្ធផលស្នាដៃរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការងារសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទិ្ធមនុស្ស និងការផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ។

ដោយឡែកចំពោះកិច្ចការនៃសាលាក្ដីខ្មែរក្រហម លោកបានជម្រាបជូននូវសមិទ្ធផល និងជោគជ័យធំៗចំនួន៥ គួរឱ្យកត់សម្គាល់របស់សាលាក្តីកូនកាត់មួយនេះគឺ ទី១. បានក្លាយជាតុលាការអន្តរជាតិ គម្រូដែលប្រទេសមួយចំនួនកំពុងរៀនសូត្រតាមរួមមាន ប្រទេសបង់ក្លាដេស កេនយ៉ា សេនេហ្គាល់ ស្រីលង្កា និងអាហ្វ្រិកកណ្តាល ទី២. ជាតុលាការអន្តរជាតិដែលប្រើប្រាស់ថវិកាតិចជាងគេ (ជាង២០លានដុល្លារក្នុងមួយឆ្នាំ បើធៀបទៅតុលាការអន្តរជាតិផ្សេងទៀត បានប្រើប្រាស់ថវិកា១០០លានដុល្លារ ក្នុងមួយឆ្នាំ) ទី៣. ជាតុលាការដែលអនុញ្ញាតឱ្យមានការចូលរួមស្ដាប់សវនាការពីដើមបណ្តឹងរដ្ឋប្បវេណី មានចំនួនច្រើនជាងគេ ទី៤. បានបន្សល់នូវកេរ្តិ៍ដំណែលសម្រាប់ការបង្កើតនូវរដ្ឋបាលតុលាការ នៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា និងទី៥. ដំណើរការតុលាការនេះបានបង្ហាញនូវភាពម្ចាស់ការ និងការដឹកនាំរបស់កម្ពុជា ដែលនាំមកនូវការបង្រួបបង្រួម និងផ្សះផ្សាជាតិ និងអធិបតេយ្យភាពជាតិ។

ពាក់ព័ន្ធនឹងសមិទ្ធផលទាំងអស់នេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មការងារសិទ្ធិមនុស្សនាពេលកន្លងមក ដោយទទួលបានសមិទ្ធផលជាច្រើន។ ការងារសិទិ្ធមនុស្សគឺ ជាការងារមួយដែលមានការពាក់ព័ន្ធជាអន្តរវិស័យ និងមិនមានភាពងាយស្រួលនោះទេ ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់។ ក្រៅពីសរសើរអំពីសមិទ្ធផលនេះ ឯកអគ្គរដ្ឋទូតបានរំពឹងថា នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងក្នុងវិស័យសិទ្ធិមនុស្ស៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត