ដោយយោងតាមអ្នកនាំពាក្យកងទ័ពអាកាសថៃ បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមករាថា គណៈរដ្ឋមន្ត្រីថៃបានគាំទ្រគម្រោងទិញយន្តហោះចម្បាំងចំនួន៤គ្រឿង ដែលនឹងចាប់ផ្តើមនៅឆ្នាំសារពើពន្ធបន្ទាប់ ជាមួយនឹងកញ្ចប់ថវិកាចំនួន១៣,៨ពាន់លានបាត (៤១៣,៦៧លានដុល្លា)។


ការអនុម័តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខកងទ័ពអាកាស លោក ណាប៉ាដេច ឌូផាត់តេមីយ៉ា (Napadej Dhupatemiya) បានបង្ហាញចំណាប់អារម្មណ៍នាពេលថ្មីៗនេះ ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួនប្រាំបីគ្រឿង ពីក្រុមហ៊ុន Lockheed Martin Corp (LMT.N) របស់សហរដ្ឋអាមេរិក។


អ្នកនាំពាក្យទ័ពអាកាស លោក ប្រាប៉ាស សនឆៃឌី បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានអនុម័តលើកកញ្ចប់ថវិកាសម្រាប់រយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ២០២៣ ដើម្បីជំនួសយន្តហោះ F-16 ចាស់ៗមួយចំនួនដែលមាននៅក្នុងប្រទេសស្រាប់។


បច្ចុប្បន្ននេះ ប្រទេសថៃមានយន្តចម្បាំងម៉ាក JAS-39 Gripen ចំនួន១២គ្រឿង ដែលផលិតដោយក្រុមហ៊ុនសាប់ (SAABb.ST) របស់ប្រទេសស៊ុយអែត និងយន្តហោះចម្បាំងម៉ាក F-16 និង F-5 ជាច្រើនជាងគ្រឿង។ យន្តហោះមួយចំនួនបានប្រតិបតិ្តការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០។
យន្តហោះចម្បាំងម៉ាក F-35A ជំនាន់ទី១ មានតម្លៃ២២១លានដុល្លាកាលពីឆ្នាំ២០០៧ ប៉ុន្តែដោយសារបរិមាណផលិតកម្ម និងជំនាញបច្ចេកទេសមានការកើនឡើង បានធ្វើឱ្យតម្លៃមានការធ្លាក់ចុះប្រហែល៧៩លានដុល្លាគិតត្រឹមខែកក្កដា ឆ្នាំ២០២១ ដោយសារតម្រូវការមានការកើនឡើង និងអតិថិជនរបស់វាមានតែជាង១០ប្រទេសប៉ុណ្ណោះ។
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews