32 C
Phnom Penh
Thursday, June 8, 2023

ប្រទេសឆេក ប្រគល់សម្ភារពិសោធន៍សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍បច្ចេកទេសវេជ្ជជីវសាស្ត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រ (Technician Program in Biomedical Engineering)ជាជំនួយរបស់សាធារណៈរដ្ឋឆេក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ពិធីនេះរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ស្ថិតក្រោមអធិបតីភាព លោក Martin VÁVRA ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក (Czech Republic) លោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ការប្រគល់សម្ភារៈពិសោធន៍នេះ ស្ថិតក្រោមគម្រោង “បង្កើតកម្មវិធីបណ្តុះ បណ្តាលប្រកបដោយគុណភាពលើជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រនៅកម្ពុជា” (Project of Establishment of a Quality Education Program on Biomedical Engineering in Cambodia) ដែលគម្រោងនេះ មានរយៈពេល ០៤ ឆ្នាំ និងមានថវិកាសរុប €៤០០៨៨៩.០០ (សែសិបម៉ឺន ប្រាំបីរយប៉ែតសិបប្រាំបួន អឺរ៉ូ) ក្រោមកម្មវិធីអភិវឌ្ឍ និងសហប្រតិបត្តិការនៃសារធារណៈរដ្ឋឆេក។ ជំនួយជាសម្ភារ និងអ្នកបច្ចេកទេសនេះ គឺកើតចេញពីជំនួប និងកិច្ចសហការជាបន្តបន្ទាប់រវាងប្រតិភូស្ថានទូតឆេក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិភាក្សារួមគ្នាក្នុងគម្រោងបង្កើតជំនាញបណ្តុះបណ្តាលវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ មក។

ក្នុងឱកាសសម្ពោធមន្ទីរពិសោធន៍នេះ ភាគីឆេក បានប្រគល់សម្ភារពិសោធន៍សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍បច្ចេកទេសវេជ្ជជីវសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅពេលនេះរួមមាន,កុំប្រស័រខ្យល់ ចំនួន១គ្រឿង ដែលមានអានុភាព ៧.៥ សេះ និងសមត្ថភាពបូមខ្យល់បាន ៥៨០ លីត្រក្នុង១នាទី,ម៉ាស៊ីនព្រីន (3D printer) ចំនួន ១គ្រឿង សម្រាប់ប្រើក្នុងការផលិតបរិក្ខារពិសោធន៍ដែលខូច,សម្ភារៈពិសោធន៍សន្ទនីយ៍ ១កេះធំ ដែលមានផ្ទុកឧបករណ៏ពិសោធន៍ ៨មុខ និងសម្ភារៈពិសោធន៍ប្រព័ន្ធព្នើម៉ាទិក និង អ៊ីដ្រូលីក ១កេះធំដែលមានផ្ទុកឧបករណ៏ពិសោធន៍ និងបរិក្ខារពិសោធន៍ ៤២មុខ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រនេះត្រូវបានអនុវត្តរួមគ្នានៅគ្រឹះស្ថានឧត្តមសិក្សាកំពូលទាំងពីរនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យនិស្សិតរៀនរយៈពេល៣ឆ្នាំ ដោយបែងចែកការសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នៅក្នុងជំនាន់ទី១ នៃកម្មវិធីបណ្តុះបណ្តាលនេះ មាននិស្សិតកំពុងសិក្សាចំនួន០៨ នាក់ (និស្សិតនារី៥នាក់) ក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៏ចំនួន២នាក់។

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រដែលអនុវត្តរួមគ្នាដោយគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ត្រូវបានរំពឹងថានឹងអាចផ្តល់ជូននិស្សិត នូវគុណភាពខ្ពស់នៃការបណ្តុះបណ្តាលមួយ ដែលធានាបានធនធានជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រដើម្បីបម្រើដល់តម្រូវការអ្នកជំនាញខាងការងារតំហែរទាំ ឧបករណ៏ និងបរិក្ខាវេជ្ជសាស្ត្រទាំងឡាយដែលកំពុងមានតម្រូវការខ្ពស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មជ្ឈមណ្ឌលដែលផ្តល់សេវាសុខាភិបាល និងថែទាំវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងក្រុមហ៊ុនបរិក្ខារវេជ្ជសាស្ត្រនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img