30 C
Phnom Penh
Monday, June 27, 2022

ប្រទេសក្នុងតំបន់ទន្លេមេគង្គ ឡានឆាង ស្វែងរកវិធីដោះស្រាយរួមគ្នាដើម្បីការពារទីតាំងបុរាណដ្ឋាន និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ ប្រទេសនានានៃតំបន់តាមដងទន្លេមេគង្គ បានជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយដែលពួកគេនឹងជជែកស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីការពារសកម្មភាពទន្ទ្រានទីទួលបុរាណ ទប់ស្កាត់អំពើចោរកម្មនិងការជួយដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។

សិក្ខាសាលាថ្នាក់តំបន់នេះ ធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅក្រុងសៀមរាប ក្រោមប្រធានបទ”វិធានការនៃការការពារសកម្មភាពទន្ទ្រានទីទួលបុរាណ ជីកកកាយ ទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់” ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាលានេះថា តំបន់ដីគោគនៃភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនរស់នៅតាមតំបន់នានា ដូចជាតាមដងទន្លេ តាមបឹងបួ និងតាមព្រៃ ក៏ដូចជាតាមតំបន់ដីសណ្ត និងភ្នំ ជាពិសេសនៅតាមដងទន្លេមេគង្គ។

លោកស្រីបន្តថា ទន្លេមេគង្គ បានផ្តល់លក្ខណៈពិសេសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ ដូចគ្នានឹងផ្លូវគមនាគមន៍ផ្សេងទៀត ដែលវាបានផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ។ ក្នុងការធ្វើចរាចរទៅមកនេះ វាបានដឹកជញ្ជូននូវជំនឿ ផ្នត់គំនិត ចំណេះដឹង វប្បធម៌ពីកន្លែងមួយទៅកន្លែងមួយទៀត ហើយប្រវត្តិសាស្ត្ររបស់មនុស្សយើង ក៏ត្រូវបានគេស្គាល់តាមរយៈភស្តុតាងនៃសំណល់បុរាណវិទ្យា និងការគណនាអំពីវត្ថុបុរាណពីគ្រប់ប្រទេសផងដែរ។ ទន្ទឹមនេះ កម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ បានផ្ទុកនូវសម្បត្តិវប្បធម៌ដ៏ចំណាស់ ដោយឡែកប្រទេសកម្ពុជាក៏ធ្លាប់បានឆ្លងកាត់នូវវិនាសសកម្មដ៏សែនខ្លោចផ្សាមកលើសង្គមជាតិអស់រយៈពេលជាច្រើនសតវត្សរ៍ ជាពិសេសសង្គ្រាមស៊ីវិល ជាងបីទសវត្សរ៍ មិនត្រឹមតែជីវិតមនុស្សទេដែលបានបាត់បង់ សូម្បីសម្បត្តិវប្បធម៌ក៏បានបាត់បង់ជាច្រើនអនេកដែរ។ រីឯកិច្ចការថែរក្សា ការពារមរតកទាំងនេះនៅក្រោយពេលសង្គ្រាម គឺជាកិច្ចការមួយ មានទំហំធំ និងជាកិច្ចការដ៏វែងមួយដើម្បីការពារសម្បត្តិវប្បធម៌ត្រូវធ្លាក់មកលើក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ។

លោកស្រីរដ្ឋមន្ត្រីបន្តថា សម្បត្តិវប្បធម៌ គឺជាការកំណត់នូវអត្តសញ្ញាណរបស់មនុស្ស ហើយក៏ជាដំណើររបស់ប្រវត្តិសាស្ត្រផងដែរ។ ប៉ុន្តែដោយសារអំពើខុសឆ្គងមួយចំនួនរបស់មនុស្ស ដែលបានធ្វើសកម្មភាពបំពានផ្សេងៗមកលើទីតាំងវប្បធម៌នោះ សិក្ខាសាលានាពេលនេះ ជាឱកាសមួយសម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធស្វែងរកនូវដំណោះស្រាយរួមគ្នាមួយ ដើម្បីទប់ស្កាត់នូវសកម្មភាពខុសឆ្គងទាំងនោះ ដើម្បីថែរក្សាការពារនូវសម្បត្តិវប្បធម៌ទាំងនោះឱ្យបានគង់វង្សយូរអង្វែង។

សូមបញ្ជាក់ថា ប្រទេសនៃតំបន់ទន្លេមេគង្គ មានចំនួន៦ នេះរួមមាន ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រទេសកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត