27 C
Phnom Penh
Monday, July 15, 2024

ប្រជាពលរដ្ឋអ្នកផលិតចង្ក្រាននៅភូមិបាញ់ឆ្គោល ជួបការលំបាកលក់ចង្ក្រានមិនដាច់ដោយសារមានអង្គការមួយដើរចែកចង្ក្រានមិនគិតថ្លៃតាមបណ្ដាខេត្តនានា

ខេត្តកំពង់ឆ្នាំង៖ ពិតណាស់ថា ការជួយប្រជាពលរដ្ឋក្រីក្រគឺជាគុណប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកគាត់ដែលជួបការខ្វះខាត។ ប៉ុន្តែអ្វីក៏ដោយបើមានវិជ្ជមាន ក៏មានអវិជ្ជមានផងដែរ ជាក់ស្ដែងប្រជាពលរដ្ឋ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដទៃទៀតដែលប្រកបមុខរបរធ្វើចង្ក្រានដើរលក់តាមបណ្តា ខេត្តនានាបាន ត្អូញត្អែពីការលក់ចង្ក្រានមិនដាច់ ដោយសារតែថ្មីៗនេះ មានអង្គការមួយបានដើរ ចែកចង្ក្រានដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ តាមទីជនបទ តាមបណ្ដាខេត្តនានា ម្លោះហើយធ្វើឲ្យប៉ះពាល់ ដល់អ្នកផលិត អ្នកទទួលលក់ និងអ្នកដើរលក់ចង្ក្រានតាមបណ្តាខេត្ត យ៉ាងធ្ងន់ធ្ងរ និងខាតបង់ទ្រព្យសម្បត្តិទៀតផង។

លោក សាន សោ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានឲ្យដឹងថា កន្លងមកគាត់បើករឺម៉កដឹកចង្ក្រានទៅលក់នៅតាមបណ្ដាខេត្តនានា មានខេត្ត កំពត កំពង់សោម សៀមរាប និងខេត្តកំពង់ធំជាដើម ដោយក្នុងមួយជើងត្រឹមតែ ១០ទៅ១២ថ្ងៃប៉ុណ្ណោះ លក់ចង្ក្រានអស់ហើយ ។ ប៉ុន្តែបច្ចុប្បន្នលក់រហូតដល់៣០ថ្ងៃ នៅតែលក់មិនអស់។ នេះដោយសារតែមានអង្គការមួយមិនស្គាល់ឈ្មោះ បានដើរចែកចង្ក្រាននៅតាមប្រជាពលរដ្ឋទីជនបទ ដោយមិនគិតថ្លៃពេលដើរលក់ចង្ក្រានប្រជាពលរដ្ឋនិយាយថា ខ្ញុំមិនទិញទេ ព្រោះចាំអង្គការចែកឱ្យស្រាប់។ ម្លោះហើយអ្នកលក់ចង្ក្រានទាំងអស់ជួបផលពិបាកយ៉ាងខ្លាំង។ ស្ត្រីឈ្មោះ វុន ស្រីកែវ អាយុ២៨ឆ្នាំ ដែលជាអ្នកផលិតចង្ក្រាន្តបានឲ្យដឹងថា បច្ចុប្បន្នម៉ូយដែលធ្លាប់ទិញពីគាត់ដើរលក់តាមបណ្ដាខេត្ត និងបោះដុំ តាមដេប៉ូនានា ក៏ផ្អាកការទិញចង្ក្រានពីគាត់ដែរ។ ថ្ងៃនេះគាត់រៀបចំដុតចង្ក្រាន ជាលើកចុងក្រោយ ព្រោះគាត់ឈប់ផលិតចង្ក្រានលក់ទៀតហើយ ដោយសារតែលក់មិនដាច់។ ជាមួយគ្នានោះស្ត្រីឈ្មោះ បឿន ស្រីខាន់ អាយុ២៩ឆ្នាំ ដែលជាអ្នកស៊ីឈ្នួល ធ្វើចង្ក្រានឱ្យគេក៏បាននិយាយដែរថាគាត់អស់ការងារធ្វើហើយ។ ពេលដែលថៅកែឈប់ផលិតសង្ក្រាន។

ដោយឡែក លោក អុន សឺន ជាអនុប្រធានភូមិបាញ់ឆ្កោល ហើយក៏ជាអ្នកផលិតសង្ក្រានដែរ បាននិយាយថា ប្រជាពលក្នុងភូមិបាញ់ឆ្កោល ស្ទើរតែ ៨០% ដែលអ្នកប្រកបមុខរបរស្មូនឆ្នាំង ពិសេសអ្នកធ្វើចង្ក្រានលក់ គឺបានខ្ចីប្រាក់ពីធនាគារជួបការលំបាករកលុយសងគេមិនទាន់។ ម្ល៉ោះហើយត្រូវអង្វរបុគ្គលិកធនាគារជារៀងរាល់ពេល ពេលគេចុះទារការប្រាក់។

ទោះយ៉ាងណាការជួយប្រជាពលរដ្ឋដែលជួបការខ្វះខាតគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលសំខាន់ជាអវិជ្ជមានគឺធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតចង្ក្រានទៅវិញ។


ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img