27 C
Phnom Penh
Sunday, June 26, 2022

ប្រជាពលរដ្ឋកម្ពុជា ព្រួយបារម្ភពីខ្មែរអាមេរិកាំងបន្ទាប់ពីមានអំពើប្លន់ បន្ទាប់ពីស្រ្តីខ្មែរម្នាក់បានរងរបួសនៅក្នុងករណីប្លន់ប្រដាប់អាវុធមួយនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានសម្តែងនូវការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ជនរួមជាតិរបស់ខ្លួន ដែលរស់នៅឯនាយសមុទ្រ។

លោក អឹម ឈិន អាយុ៥៨ឆ្នាំ ជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា លោកមានបងប្រុស និងក្មួយៗ រស់នៅទីក្រុងញូយ៉ក ហើយលោកក៏មានក្តីកង្វល់ អំពីសន្តិសុខរបស់ពួកគេដែរ។

លោក ឈិន បាននិយាយថា ៖ “ខ្ញុំមានបំណងចង់ឱ្យអាជ្ញាធរអាមេរិកជួយការពារ សុវត្ថិភាពជនជាតិខ្មែរអាមេរិកាំង ក៏ដូចជាជនជាតិអាស៊ីដទៃទៀតផងដែរ។”

លោកសាស្រ្តាចារ្យ បាននិយាយថា រដ្ឋសភា អាមេរិកគួរតែ ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ និង លុបចោល សិទ្ធិ ប្រជាពលរដ្ឋ របស់ខ្លួនក្នុងការកាន់កាប់អាវុធដោយសេរី តាមគម្រូនៃប្រទេសកម្ពុជាដែលហាមការប្រើ អាវុធខុសច្បាប់នោះ។

លោក ឈិន បាននិយាយថា ៖ “ប្រទេសខ្មែរឥឡូវមិនសូវមានការបាញ់បោះដូចកាលពីដើមទសវត្សរ៍៩០នោះទេ ដោយសារយើងគ្រប់គ្រងការប្រើប្រាស់អាវុធបានល្អ ហើយអ្នកណាដែលមានសិទ្ធិប្រើទើបអាចប្រើបាន ។”

លោក ឌី ចាន់ធឿន អាយុ៤៣ឆ្នាំ ជាអាជីវករនៅក្រុងតាខ្មៅ បាននិយាយថា លោក មានការព្រួយបារម្ភ ពី ម្តាយមីងរបស់លោក និងជនជាតិខ្មែរដទៃទៀតដែលរស់នៅសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ។

លោក ចាន់ធឿន បាននិយាយថា៖ “ក្នុងនាមពលរដ្ឋអាស៊ី និងជនជាតិខ្មែរម្នាក់ ខ្ញុំមានការឈឺចាប់ នៅពេល ដែលជនជាតិអាមេរិកមួយចំនួនមិនឱ្យតម្លៃយើង។ ប៉ុន្តែម្តាយមីងខ្ញុំ បានប្តីជនជាតិអាមេរិក គាត់មិនសូវមានបញ្ហាសុវត្ថិភាពប៉ុន្មានទេ។”

លោក ចាន់ធឿន បាននិយាយថា៖ “ក្នុងនាមខ្ញុំជាជនជាតិអាស៊ី ក៏ដូចជាជនជាតិកម្ពុជា ខ្ញុំមានសំណូមពរដល់ សហរដ្ឋអាមេរិក កុំឱ្យមានការរើសអើង និងធ្វើបាបជនជាតិខ្មែរ និងជនជាតិអាស៊ីទាំងអស់់។”

ដូចគ្នានេះដែរ អ្នកស្រី សៀង ស្រីមុំ អាយុ៣១ឆ្នាំ ជាបុគ្គលិកគ្លីនិកឯកជន មួយនៅរាជធានីភ្នំពេញ បាននិយាយថា អ្នកស្រីមានមិត្តភក្ត្រជិតស្និទ្ធិម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក ហើយអ្នកស្រីក៏ខ្វល់ខ្វាយអំពីសុខទុក្ខរបស់រូបគេ និងជនជាតិខ្មែរផ្សេងទៀតដែរ។

អ្នកស្រី ស្រីមុំ បាននិយាយថា ៖ “ខ្ញុំព្រួយបារម្ភពីសុវត្ថិភាព រសប់គាត់ដែរ ព្រោះគាត់ធ្លាប់រស់នៅអង្គការជាមួយគ្នា តាំងពីតូច ដូចជា បងប្អូនបង្កើតដូច្នេះដែរ។”

អ្នកស្រី ស្រីមុំ បាននិយាយថា អ្នកស្រី សូមអំពាវនាវឱ្យអាជ្ញាធរអាមេរិក ការពារជនជាតិខ្មែរ និងជនជាតិ ទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិក និងអ្នកស្រី ក៏លើកទឹកចិត្តឱ្យជនជាតិខ្មែរនៅអាមេរិក រក្សាសុវត្ថិភាព របស់ ខ្លួនផងដែរ។

អ្នកស្រី ស្រីមុំ បាននិយាយថា៖ “ខ្ញុំចង់ឱ្យពួកគាត់ បង្កើនការប្រុងប្រយ័ត្ន ហើយបើមិនមានការចាំបាច់ពួកគាត់ មិនគួរចេញចូលតំបន់ ដែលមានអំពើហិង្សាច្រើននោះទេ។”

ដូចប្រជាពលរដ្ឋខ្មែរជាច្រើនទៀតដែរ លោក អ៊ុយ ពៅ អាយុ៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ បាននិយាយថាគាត់ក៏ព្រួយបារម្ភ អំពីបងប្អូនរបស់គាត់ដែលរស់នៅ សហរដ្ឋអាមេរិកផងដែរ។

លោក ពៅ បាននិយាយថា៖ “ខ្ញុំមានបងស្រីម្នាក់រស់នៅរដ្ឋមីនីសូតា ហើយគាត់តែងតែជួយឧបត្ថម្ភខ្ញុំរហូតដោយសារខ្ញុំអត់ការងារធ្វើ។ បើគាត់មានបញ្ហា ខ្ញុំក៏មានបញ្ហាដែរ។”

លោក ពៅ បាននិយាយថា ប្រជាជនកម្ពុជា តែងតែស្វាគមន៍ជនបរទេសទាំងអស់ ជាពិសេសជនជាតិអាមរិក ដែលមកធ្វើការ ឬជាភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា។ “យើងគោរពរាប់អានប្រជាជនអាមេរិកទាំងអស់ ដែលមកកម្ពុជា ដូច្នេះខ្ញុំសង្ឃឹមថា ជនជាតិអាមេរិកនឹងស្រឡាញ់ជនជាតិខ្មែរដូចគ្នាដែរ។”
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត