27 C
Phnom Penh
Sunday, June 26, 2022

ប៉មសម្រាប់ឆ្មាំសមុទ្រតាមតំបន់ឆ្នេរចំនួន ១២ កន្លែង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រៀមការពារភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះសីហនុ៖ ប៉មសម្រាប់ឆ្មាំសមុទ្រតាមតំបន់ឆ្នេរចំនួន ១២ កន្លែង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២២ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងនៅតាមតំបន់ឆ្នេរក្រុងព្រះសីហនុ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉មឆ្មាំសមុទ្រសម្រាប់ឱ្យបងប្អូនឆ្មាំសមុទ្រទាំងអស់យាមត្រួតពិនិត្យក្នុងការរក្សាសុវត្ថិភាពទៅដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកងូតទឹកលំហែកម្សាន្តនៅតាមតំបន់ឆ្នេរបើមានហេតុការណ៍កើតឡើងគឺបងប្អូនអាចជួយសង្គ្រោះបានទាន់ពេលវេលាតាមរយៈការផ្ដល់សញ្ញាផ្លុំកញ្ចែប្រកាសតាមមេក្រូក៏ដូចជា អាវពោងខ្សែសុវត្ថិភាពផ្សេងៗ នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្នអាជ្ញាធរខេត្ត ក្រុង រួមជាមួយនិងមន្ទីរជំនាញបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ម៉ូតូទឹកឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ ជាសញ្ញាដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការប្រុងប្រយ័ត្នព្រោះកន្លងមកមិនទាន់មានប៉មនិងឆ្មាំសមុទ្រគ្រប់គ្រាន់ក្នុងការអប់រំណែនាំនៅតាមតំបន់ឆ្នេរហើយពេលនេះទោះបីឆ្មាំសមុទ្រមិនទាន់មានគ្រប់គ្រាន់យ៉ាងណាក៏ដោយក៏យើងបាននឹងខិតខំកំពុងរើសបន្ថែមធ្វើការហ្វឹកហាត់ជាបណ្ដើរបណ្ដើរ។

ជាមួយគ្នានោះលោកអភិបាលខេត្ត បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្ររបស់យើង និងអំពាវនាវជូនចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈដោយយើងដាក់ធុងសំរាមដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើនការប្រមូលសំរាម ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេររបស់យើងមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត