27 C
Phnom Penh
Sunday, June 26, 2022

បុរសម្នាក់កាប់​ស្ត្រី​ម្នាក់ស្លាប់ក្រោយពីចោទថា ប្តីបានរួមភេទជាមួយម្តាយខ្លួន

កម្លាំងនគរបាលស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ បានចាប់ខ្លួន និងបញ្ជូនបុរសម្នាក់ដែលបានកាប់សម្លាប់ស្ត្រីម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី គឹម ស៊ីដេត នាយប៉ុស្តិ៍នគរបាលឃុំបឹងប្រាំបានឱ្យដឹងថា បុរសជាជនសង្ស័យ មានឈ្មោះ សឿន សុខណា អាយុ៣១ឆ្នាំ ជាកសិករ និងជាអតីតពលករធ្វើការនៅប្រទេសថៃ បច្ចុប្បន្នរស់នៅភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល។

លោកវរសេនីយ៍ត្រី គឹម ស៊ីដេត បាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាច គី ភេទ អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ជនសង្ស័យ ​ជា​អតីត​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ក៏​ជា​មនុស្ស​ញៀន​ថ្នាំ​ផង​ដែរ។

លោក​បន្ថែមថា ប្រហែល​មួយ​ខែ​មុន​ឃាតកម្ម ជនរងគ្រោះ និង​ក្រុម​គ្រួសារ ​បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ថា ជនសង្ស័យ​បាន​រួម​ភេទ​ជាមួយ​ម្តាយជាស្ត្រី​មេម៉ាយ​របស់ខ្លួន ពេល​បែកថ្នាំ ដែលធ្វើឱ្យជនសង្ស័យខឹងសម្បារជាខ្លាំង។

នៅ​វេលា​ម៉ោង​ប្រហែល​៧​ និង ​៤០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ ជន​សង្ស័យ​បាន​យក​កាំបិត​ខ្វែវចូល​ផ្ទះ​ជន​រង​គ្រោះ ខណៈ​កំពុង​ធ្វើ​ម្ហូប​នៅ​ក្រោយ​ផ្ទះតែម្នាក់ឯង។ ពេល​នោះ​ ប្តី​ និងកូន​របស់​ជន​រង​គ្រោះ​ បាន​ចេញ​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​ភូមិ​កើតហេតុខាងលើ បាត់ទៅហើយ។

ក្រោយមក ជនសង្ស័យបានកាប់ស្ត្រីរងគ្រោះ ចំនួន​៣​កាំបិត​ ចំ​ត្រង់​ក​ផ្នែក​ខាងក្រោយ​ មួយ​កាំបិត​ត្រង់​ស្មា​ខាងឆ្វេង​ និងមួយ​កាំបិត​ម្រាមដៃ​ខាងស្តាំ​ ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ដដែល ប្តី​ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះវិញ ​ឃើញ​សព​ប្រពន្ធ​នៅ​ក្បែរ​ផ្ទះ ក៏ទៅ​ប្រាប់នគរបាល​ឃុំ។ ក្រោយមក ជន​សង្ស័យ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល១១ព្រឹក។

ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក អេង គឹមសេង បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ឃាតកម្ម​គិត​ទុក​ជា​មុន» និង ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស។

ដោយឡែក ជន​សង្ស័យ​កំពុង​ត្រូវ​បាន​សាក​សួរ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​ឡើយ៕

ដោយ​ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត