28 C
Phnom Penh
Thursday, December 8, 2022

បាក់ច្រាំងទន្លេ​នៅព្រែកតាសេក​អភិបាលរាជធានីជំរុញឱ្យស្ថាបនាឡើងវិញ​ចាប់ពីថ្ងៃស្អែក

ការបាក់ច្រាំងទន្លេ​នៅ​សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វា​ ត្រូវ​ពលរដ្ឋស្នើ​ឱ្យអាជ្ញាធរ​ជួយ​ពន្លឿនការស្ថាបនា​ឡើងវិញឱ្យឆាប់ ​ពេលនេះត្រូវបាន​អភិបាលរាជធានីភ្នំពេញ​ជំរុញឱ្យ​ស្ថាប​នា​ឡើងវិញនៅថ្ងៃ ២៧ កក្កដាស្អែកនេះហើយ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់​ប្រជា​ពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។

​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ​លោក ឃួង ស្រេង លើកឡើងក្នុង​ពេលដឹកនាំមន្ត្រី​ជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា​ ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំង​ទន្លេនៅ​សង្កាត់​ព្រែក​តាសេកនាព្រឹកថ្ងៃទី២៦ កក្កដានេះ។

លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានមានប្រសាសន៍បញ្ជាក់ថា ច្រាំងទន្លេ​ដែលបាក់ចូល​ទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណ​ជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាទប់​បណ្តោះ​អាសន្ន ដើម្បីកុំអោយបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។ ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាល​មក​ពីដីជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើអោយដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។

ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាបគឺអាចដំណើរ​ការ លើការងារ​នេះ​បាន ដោយទី១ ត្រូវប្រើថ្មតូច ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ទី២ កាយយកដីស្អុយចេញ ទី៣ ចាក់​ខ្សាច់​ក្រាលពីក្រោម និងទី៤ ចាក់ដីពីលើ បំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។

នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួប លោកឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឃួង ស្រេង ដែល​តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយ​ទប់ច្រាំង​ទន្លេដែល​បាក់នេះ​ឡើងវិញ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img