ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ នេះកម្លាំងនគរបាលស្រុក សៃ បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងពាក់ព័ន្ធនិងករណីបាញ់ច្រឡំ ត្រូវមិត្តភក្តិបណ្ដាលឱ្យស្លាប់។
ប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណីមនុស្ស ឃាដដោយអចេតនា នៅចំនុចក្នុងព្រៃក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ។


យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពក់ ធឿន ភេទ ប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ រីឯជនរងគ្រោះឈ្មោះ ទិន កិ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាងអាវុធAK47 ១ដើម នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចទទួលបានព័ត៌មាននៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ពីមេប៉ុស្តិ៍ឃុំចាអ៊ុង រាយការណ៍ថា មានករណី ផ្ទុះអាវុធ បណ្ដាលឲ្យស្លាប់ជនរងគ្រោះម្នាក់បន្ទាប់ពីដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។


របាយការណ៍បានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង០០និង៣០នាទីយប់ ឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានបបួលជនសង្ស័យទៅរកបាញ់សត្វ នៅចំណុចព្រៃក្បែរក្រុមហ៊ុនម៉ាងយ៉ាង ក្នុងឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ ពេលទៅ ដល់ទីនោះជនសង្ស័យក៏បានឲ្យជនរងគ្រោះនៅអង្គុយចាំម៉ូតូ ហើយជនសង្ស័យបានចុះតាមអូរទៅរកបាញ់សត្វ ក្រោយមកជន សង្ស័យឆ្លុះភ្លើងពិល គ្រវីចុះឡើងក៏ឃើញភ្នែកជនរងគ្រោះ ស្មានតែភ្នែកសត្វក៏បានលើកកាំភ្លើងបាញ់តែម្តង។
បន្ទាប់មកក៏ឮសំឡេងស្រែកអូយ ជនសង្ស័យបានរត់ទៅមើលឃើញ ជនរងគ្រោះត្រូវរបួសចំស្មារខាងឆ្វេង ហើយជនសង្ស័យក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីព្យាបាល។ ពេលនោះគ្រូពេទ្យក៏បានលាង និងដេរចំនួន៣ថ្នេរ រួចក៏បានរុំរបួសនោះកុំឲ្យចេញឈាម។
យោងតាមការបញ្ជាក់របស់គ្រូពេទ្យឲ្យដឹងថា ពេលលាងរបួសឃើញមានឈាមហូរចេញពីក្នុងពណ៌ខ្មៅ មិនដឹងថាត្រូវរបួសដោយសាអ្វី មួយសន្ទុះក្រោយមកជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់តែម្តង។
យោងតាមការពិនិត្យកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ គឺពីកន្លែងឈរបាញ់មកកន្លែងជនរងគ្រោះ មានសភាពដីជំរៀលអូរ បាញ់ពីក្រោមរាងបញ្ឆិតឡើងលើ។


សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបានពិនិត្យ និងធ្វើកោសល្យវិច័យសាកសព សភាពរឹង ស្លៀក ខោផ្កាឆ្នូត ជើងវែង រឹបចង្កេះ អាវដៃវែង ពណ៌ខ្មៅឆ្នូតស។ ស្លាកស្នាមសមត្ថកិច្ចឃើញនៅត្រង់ចុងស្មាដៃខាងឆ្វេង មានស្នាមរបួសរយ៉ះសាច់ទំហំ៤×២.៥សម ជំរៅដល់ឆ្អឺង (បែកឆ្អឹងដើមដៃ) ដេរ៣ថ្នេរ មុខរបួស និងសាច់ក្នុងឡើងពណ៌ខ្មៅ ក្រៅពីនេះពុំស្លាក ស្នាមអ្វីទៀតឡើយ។
សមត្ថកិច្ចសន្និដ្ឋានតាមការពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសាការបង្កឡើងដោយគ្រាប់កាំភ្លើង ត្រូវរយ៉ះសាច់ និងបែកឆ្អឹង ហូរឈាមច្រើន បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនឲ្យក្រុមគ្រូសារ ដើម្បីយកទៅធ្វើតាមប្រពៃណី។
ដោយឡែក ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News