ស្តាប់អត្ថបទជាសំឡេង
បន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីចំនួន ៣នាក់ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ បន្ទាប់ពីកម្លាំងបង្ក្រាបបានកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលមានការសម្របសម្រួលពី លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន និងបានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៣នាក់ (ស្រី១នាក់) និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យមានឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ ៤៥០ដុល្លារ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមសថ្លាចំនួ ១២ថង់។

ក្រោយមកដោយមានការសហការពីឈ្មោះ ចាន់ ស្រីរ័ត្ន បានព្យាយាមអូសទាញមុខសញ្ញាជួញដូរគ្រឿងញៀន ១នាក់ទៀត។ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបន្តទៅឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន ៧ថង់ ដែលលាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃាត់ខ្លួនឈ្មោះ យី ផល្លី ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់បន្ទប់ជួល ជាអ្នកដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រី រ័ត្ន បានសារភាពថា ខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ។ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល ២ឆ្នាំ មកហើយដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឱ្យអ្នកដែលបានបញ្ជាទិញពីឈ្មោះ ចាន់នី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន