27 C
Phnom Penh
Monday, July 15, 2024

បក្សភឿថៃនឹងបង្កើតរដ្ឋាភិបាលថ្មី ដោយគ្មានបក្សឆ្ពោះទៅមុខ 

មេដឹកនាំបក្សភឿថៃ លោក Chonlanan Srikaew បានអះអាងថា គណបក្សភឿថៃនឹងបង្កើតសម្ព័ន្ធថ្មីមួយដោយគ្មានគណបក្សឆ្ពោះទៅមុខ។ ចំណែកគណបក្សដែលនឹងចូលរួមក្នុងក្រុមចម្រុះថ្មីនោះ នឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែសីហា។

នៅថ្ងៃទី២ ខែសីហា ប្រមុខដឹកនាំបក្សភឿថៃលោក Chonlanan Srikaew បាននិយាយថា សម្ព័ន្ធថ្មីមួយនឹងត្រូវបង្កើតឡើង ដោយគ្មានវត្តមានបក្សឆ្ពោះទៅមុខ ហើយបក្សខ្លួននឹងស្នើលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ 

លោក Chonlanan Srikaew បាន​លើកឡើងថា ភឿថៃនិង​សម្ព័ន្ធ​ថ្មី​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ទេ ហើយរដ្ឋាភិបាលថ្មីនឹងជំរុញឱ្យមានការសរសេរឡើងវិញនូវធម្មនុញ្ញ ជាមួយនឹងគណៈកម្មាធិការព្រាងធម្មនុញ្ញដែលជាប់ឆ្នោត។ 

ជាងនេះទៅទៀត បន្ទាប់ពីធម្មនុញ្ញថ្មីចូលជាធរមាន រដ្ឋាភិបាលនឹងរំលាយសភាសម្រាប់ការបោះឆ្នោតថ្មី។ ហើយនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនេះ រដ្ឋាភិបាលនឹងស្នើធ្វើប្រជាមតិ ដើម្បីសួរប្រជាពលរដ្ឋថាតើពួកគេចង់កែធម្មនុញ្ញឡើងវិញឬក៏អត់?

លោក Chonlanan Srikaew បានបង្ហាញទំនុកចិត្តថា គណបក្សនឹងទទួលបានសំឡេងកាន់តែច្រើនពីសមាជិកព្រឹទ្ធសភាសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេ នៅពេលដែលបក្សឆ្ពោះទៅមុខមិននៅក្នុងសម្ព័ន្ធ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img