26 C
Phnom Penh
Saturday, June 25, 2022

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ទៅជួបប្រធានាធិបតីអ៊ុយក្រែន ដល់ទីក្រុងកៀវ ជាលើកទីពីរ

(កៀវ)៖ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានស្នើបង្កើតកម្មវិធីហ្វឹកហ្វឺនយោធាមួយសម្រាប់កងកម្លាំងអ៊ុយក្រែន នៅពេលដែលលោកបានជួបផ្ទាល់ជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅទីក្រុងកៀវ ក្នុងដំណើរទស្សនកិច្ចជាលើកទី២ របស់លោក ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោក Johnson ត្រូវបានទទួលស្វាគមន៍ដោយលោក Zelenskiy ថាជា «មិត្តដ៏អស្ចារ្យ» ហើយបានបង្ហោះរូបភាពជាមួយគ្នា អមដោយពាក្យថា «លោកប្រធានាធិបតី Volodymyr, វាជាការល្អណាស់ក្នុងការត្រលប់មកកាន់ទីក្រុងកៀវម្តងទៀត»។

ការិយាល័យរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បាននិយាយថា កំលុងជំនួបខាងលើ លោក Johnson បានស្នើឱ្យបង្កើតកម្មវិធីហ្វឹកហ្វឺនមួយសម្រាប់កងកម្លាំងអ៊ុយក្រែន ជាមួយលទ្ធភាពក្នុងការបណ្តុះបណ្តាលទាហានរហូតដល់ ១០,០០០នាក់ ជារៀងរាល់១២០ថ្ងៃ ។

លោក Johnson បានគូសបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំថ្ងៃនេះ ក្នុងស្ថានភាពសង្រ្គាមបែបនេះ គឺដើម្បីផ្ញើសារយ៉ាងច្បាស់លាស់ និងសាមញ្ញទៅកាន់ប្រជាជនអ៊ុយក្រែនថា ចក្រភពអង់គ្លេសនៅជាមួយអ្នក ហើយយើងនឹងនៅជាមួយអ្នករហូតដល់ទីបំផុត, រហូតដល់អ្នកយកឈ្នះលើសង្គ្រាមនេះ»។

លោក Johnson បានបន្ថែមថា «នោះហើយជាមូលហេតុដែលខ្ញុំចង់ផ្តល់ឱ្យលោក Zelenskiy នូវកម្មវិធីហ្វឹកហ្វឺនយោធាថ្មីដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូរស្ថានភាពនៃសង្រ្គាមនេះ ដោយប្រមូលកម្លាំងដ៏មានឥទ្ធិពលបំផុត នោះគឺជាការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនដើម្បីឈ្នះ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច ដែលមិនបានប្រកាសជាមុននេះ គឺជាការបង្ហាញពីការគាំទ្រចុងក្រោយបំផុតរបស់ លោក Johnson ចំពោះលោក Zelenskiy ចាប់តាំងពីរុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ។ វាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៉ីតាលី និង រូម៉ានី បានធ្វើដំណើរទស្សនកិច្ចទៅ កាន់ទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត