32 C
Phnom Penh
Monday, September 9, 2024

ធម្មទាននៃការឈ្វេងយល់អំពីពាក្យខ្មែរ

ពណ៌ខៀវនិងបៃតង
យើងពិតជាឆ្ងល់ណាស់ ដ្បិតមនុស្សខ្មែរខ្លះបានហៅភ្លើងចរាចរណ៍ពណ៌បៃតងថា ជាពណ៌ខៀវ…

នៅពេលខ្លះ គេបរិយាយរៀបរាប់ថា “វាលស្រូវពណ៌ខៀវស្រងាត់” ម្ដេចក៏គេមិនរៀបរាប់ថា វាលស្រូវពណ៌បៃតងស្រងាត់?

យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាត៖

  • ខៀវ ជាគុណសព្ទ មានន័យថា ពណ៌ផ្ទៃមេឃជាប្រក្រតី
  • បៃតង ជាគុណសព្ទ (ស. បៃត្ចង អ. ថ. បៃតង ន. “ស្លឹកចេក” ) ពណ៌ស្លឹកចេកស្រស់
    ព័ណ៌បៃតង, សំពត់បៃតង

យើងឆ្ងល់ណាស់ថា ហេតុអ្វីបានជាខ្មែរមិនមានពាក្យសម្រាប់ហៅពណ៌បៃតង បែរជាយើងប្រើពាក្យសៀមទៅវិញ?

កាលពីជំនាន់ខ្មែរក្រហម ខ្ញុំបានរស់នៅតំបន់ដាច់ស្រយាលមួយ នៅក្នុងភូមិព្រែកត្របែក នៃសហករណ៍កញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រជាជននៅទីនោះបានហៅពណ៌បៃតងថា ពណ៌ស្លឹកឈើ។

ក្នុងភាសាសៀម สีเขียว សុីខៀវ គឺជាពណ៌បៃតង រី สีน้ำเงิน សុីណាំងឹន គឺជាពណ៌ខៀវ…

នៅក្នុងបទសម្ភាសន៍ សម្ដេចព្រះសង្ឃរាជជួនណាតបានមានព្រះរាជឱង្ការថា៖

-“ សៀមនិងខ្មែរជាប់ព្រំប្រទល់គ្នា ដូចនេះ ការឆ្លងពាក្យសម្ដីទៅមក គឺចៀសមិនរួចឡើយ តែសៀមខ្ចីពាក្យខ្មែរច្រើនជាងខ្មែរខ្ចីពីសៀម”

ដូច្នេះ ខ្ញុំគិតថា ប្រសិនបើគេរៀបរាប់ថា “វាលស្រែខៀវស្រងាត់” វាប្រហែលជាអាចថា “ខៀវ” គឺជាពាក្យសៀម ដែលសំដៅដល់ន័យថា “បៃតង”ហេីយ ដ្បិតអ្នកនិពន្ធជាច្រេីននាក់ មានប្រភពពីខេត្តបាត់ដំបង ដែលជាខេត្តនៅជាប់សៀម និងទទួលរងនូវឥទ្ធិពលនៃសម្ដីសៀម…

តើហេតុអ្វីបានជា”ពណ៌បៃតង” ខ្មែរមិនមានពាក្យរបស់ខ្លួន ហើយខ្ចីពាក្យសៀមយកមកប្រើទៅវិញ?

សូមរំឭកជូនថា ចាប់តាំងពីរជ្ជកាលរបស់ព្រះបរមកោដ្ឋ (អង្គដួង) មក ឥទ្ធិពលនៃភាសាសៀម និងខ្មែរហាក់បីដូចជាឆ្លងទៅឆ្លងមកយ៉ាងច្រេីន…

  • ស្រងាត់ (-ង៉ាត់) ជាគុណសព្ទ មានន័យថា ដែលមានសម្បុរខៀវឬបៃតងស្រងាំហាក់ដូចជាឆ្លុះពន្លឺស្រទំដល់ភ្នែក
    ខៀវស្រងាត់, មើលទៅព្រៃឃើញស្រងាត់ ។
    ព. ប្រ. ដែលស្រងោចលន្លោចហាក់ដូចជាស្ងប់ស្ងាត់
    ស្រងាត់ចិត្ត ។
    ស្រងូតស្រងាត់ ( ម. ព. ស្រងូត ) ។

យោងតាមអត្ថន័យខាងលើ យើងគួរសរសេរថា “វាលស្រូវស្រងាត់” ដោយមិនចាំបាច់បន្ថែមពាក្យ “បៃតង” ទៀតឡើយ…

សូមមេត្តាអភ័យទោសចំពោះចំណុចខ្វះខាត…

ឯកសារយោង៖ វចនានុក្រម និងបទសម្ភាសន៍របស់សម្ដេចព្រះសង្ឃរាជ ជួនណាត ជោតញ្ញាណោ
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img