27 C
Phnom Penh
Sunday, June 26, 2022

ធនាគារ ព្រីនស៍ . បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

[ភ្នំពេញ ថ្ងៃទី07 ខែមេសា ឆ្នាំ2022] នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។​

រួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន 35 លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាសាក្សី       ពីសំណាកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា   ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ លោក ហ៊ន់​ សុរចនា ​ប្រធាន​នាយក​ប្រតិបត្តិ និងអភិបាល​គ្រប់​គ្រង​នៃធនាគារ ព្រីនស៍ និងលោក វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC ព្រមទាំងមានវត្តមាននាយក និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុនOCIC​ ក្រុមហ៊ុនCAIC និងធនាគារ​ ព្រីនស៍ ផងដែរ។

សញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ​ (TIA) គឺជាសញ្ញាបណ្ណសាជីវកម្មឯកជន ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍​ បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាផ្នែកមួយនៃសមិទ្ធផលដ៏អស្ចារ្យនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ព្រីនស៍ បានបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយនឹងភាពវិជ្ជមាននៃពាណិជ្ជកម្មពិភពលោក និងការធ្វើដំណើរអន្តរជាតិ យើងរំពឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់​ អ្នកធុរកិច្ច និងការធ្វើដំណើរកម្សាន្តមកទស្សនានៅកម្ពុជា។ វា​ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​យើង ការគាំទ្រ​ពាណិជ្ជកម្ម និង​ការ​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត ដែលនឹងជំរុញឱ្យកម្រិត​ជីវភាពរបស់​ប្រជាជន​កម្ពុជា​កាន់​តែ​ប្រសើរឡើង»។

លោក ហ៊ន់ សុរចនា ​ប្រធាន​នាយក​ប្រតិបត្តិ និងអភិបាល​គ្រប់​គ្រង​នៃធនាគារ ព្រីនស៍ ក៏បានចែករំលែកផងដែរថា “ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុធំមួយ ដែលរីកចម្រើនលឿនបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងមូលដ្ឋានដើមទុនដ៏រឹងមាំ ធនាគារ ព្រីនស៍ មានបំណងចូលរួម និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងតាមរយៈ  ការវិនិយោគឡើងវិញ និងសេវាសហគមន៍។ នៅធនាគារ ព្រីនស៍ យើងមិនត្រឹមតែខិតខំប្រឹងប្រែងបន្ថែមដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់    អតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងមូល»។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ធនាគារ ព្រីនស៍ មិនត្រឹមតែមានបំណងក្លាយជាធនាគារជម្រើសទីមួយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ យើងក៏បានធ្វើការកែលម្អ និងអភិវឌ្ឍផលិតផល ព្រមទាំងសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរផងដែរ ដើម្បីបំពេញតម្រូវការស្របតាមប្រភេទអតិថិជនផ្សេងៗគ្នារបស់យើង។ បន្ទាប់ពីបើកប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញ ចាប់តាំងពីខែកក្កដា ឆ្នាំ2018មកទល់ពេលបច្ចុប្បន្ន ទ្រព្យសកម្មសរុបរបស់ធនាគារ ព្រីនស៍ មានចំនួនជាង 800លានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន32 ទីតាំងម៉ាស៊ីនអេធីអឹមចំនួន79 និងអតិថិជនចំនួនជាង80,000នាក់ ដែលកំពុងបន្តកើនឡើងយ៉ាងខ្លាំងខ្លា។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈ 1800 20 8888។

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត