អាមេរិក៖ ជាថ្មីម្តងទៀត តាមរយៈសំណុំរឿងដាក់ទៅកាន់តុលាការ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ តារាសម្តែងហូលីវូដល្បីឈ្មោះ Angelina Jolie បានរៀបរាប់លំអិត ពីអ្វីដែលនាងចាត់ទុកថា ជាការរំលោភបំពានរបស់អតីតស្វាមី Brad Pitt មកលើខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។


បើតាមសំណុំរឿង ដែលបានដាក់ទៅកាន់តុលាការក្នុងទីក្រុង Los Angelina នោះ លោកស្រី Angelina Jolie បានចោទប្រកាន់ Brad Pitt ថា បានព្យាយាមប្រើលក្ខខណ្ឌឱ្យ Angelina Jolie លក់ភាគហ៊ុនក្នុងចំការទំពាំងបាយជូរ ដែលអ្នកទាំងពីរបានទិញរួមគ្នា ដែលលក្ខខណ្ឌនោះ គឺហាមឃាត់មិនឱ្យ Angelina Jolie និយាយជាសាធារណៈអំពីទង្វើរំលោភបំពានលើផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ Brad Pitt ចំពោះរូបនាង និងកូនៗ។


Jolie បានរៀបរាប់អំពីរឿងហេតុ ដែលបានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០១៦ នៅលើយន្តហោះឯកជន ពេលដែលអតីតស្វាមីប្រើទង្វើដែលនាងចាត់ទុកថា ហិង្សារដោយបានចាប់ និងអង្រួនក្បាលរបស់នាង រួចរុញនាងទៅនឹងជញ្ជាំងនៃបន្ទប់ទឹក ថែមទាំងបានច្របាច់កកូនម្នាក់ និងបានវាយកូនម្នាក់ទៀតចំមុខ។ តែយ៉ាងណាមេធាវីរបស់ Pitt មិនបានឆ្លើយតបភ្លាមៗនោះទេ ជុំវិញការលើកឡើងរបស់ Jolie។


ពេលនោះ Brad Pitt បានចោទប្រកាន់ថា ការដែល Angelina Jolie លក់ភាគហ៊ុនក្នុងចំការទំពាំងបាយជូរទិញរួមគ្នា គឺជារឿងខុសច្បាប់ ព្រោះភាគីទាំងសងខាងបានយល់ព្រមថា ពួកគេនឹងមិនលក់ភាគហ៊ុន បើគ្មានការយល់ព្រមពីភាគីណាមួយ។
ក្នុងឯកសារដាក់ទៅកាន់តុលាការដដែល Jolie បាននិយាយថា មិនមានការព្រមព្រៀងដូចដែល Brad Pitt បានលើកឡើងនោះទេ ហើយអ្នកស្រីបាននិយាយទៀតថា លោក Brad Pitt អាចនឹងត្រូវជាប់ទោសឧក្រិដ្ឋ ចំពោះរឿងហេតុដែលបានកើតឡើង លើយន្តហោះនោះ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News