បន្ទាយមានជ័យ៖ បុរសម្នាក់បើកម៉ូតូទៅធ្វើបុណ្យសពយាយ ត្រូវបានរថយន្តដឹកដីកិនស្លាប់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥ នៅខាងកើតរង្វង់មូល៥៨ ចំងាយ ១០០ម៉ែត្រ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចបាននគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ ឡោះ ទិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចបន្ថែមថា បើតាមការបញ្ជាក់ពីក្រុមមិត្តភក្តិដែលធ្វើដំណើរតាមក្រោយម៉ូតូជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានបើកបរម៉ូតូម្នាក់ឯង ម៉ាកវេវ ពណ៌ខៀវ គ្មានស្លាកលេខ បើកពីទិសលិចទៅកើត គោលបំណងទៅធ្វើបុណ្យសពយាយ ដែលបានស្លាប់កាលពីយប់មិញនៅភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពេលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះបានបើកម៉ូតូដួល ចំពេលរថយន្តដឹកដីមកពីក្រោយកិនបែកក្បាលស្លាប់តែម្តង។


សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិនាំយកសពទៅធ្វើបុណ្យជាមួយសពយាយ នៅភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមប្រពៃណី។ ចំណែករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច ទំនាក់ទំនងគ្នាស្រាវជ្រាវតាមចាប់៕




ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News