ស្តាប់អត្ថបទជាសម្លេង
ខេត្តស្ទឹងត្រែង៖ បើទោះជានៅចំណែកខ្លះនៃខេត្តស្ទឹងត្រែងនៅមានភ្លៀងធ្លាក់ តែរយៈពេល២ថ្ងៃគឺថ្ងៃទី១៥ -ទី១៦នេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងបែរជាស្រកចុះជាបណ្តើរៗ ទៅវិញ ខុសប្លែកពីប៉ុន្មានថ្ងៃកន្លងមក ដែលទឹកភ្លៀងបានហក់ឡើងខ្ពស់គួរឱ្យបារម្ភ។
តាមរបាយការណ៍របស់លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបង្ហាញថា នៅថ្ងៃទី១៥ទឹកទន្លេមេគង្គស្រកចុះ០,២៤ម៉ែត្រ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកទន្លេស្រកចុះ០,២៧ម៉ែត្រ ពោលគឺកម្ពស់ទឹកនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកទន្លេមេគង្គស្រកចុះនៅត្រឹមកម្ពស់៧,៥៩ ម៉ែត្រ បានស្រកចុះ០,២៧ម៉ែត្រ។

ក្នុងរបាយការណ៍បានបង្ហាញដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ គឺ ទន្លេមេគង្គមានកម្ពស់៧,៥៩ម៉ែត្រ ចំណុចប្រកាសអាសន្ន១០,៧០ ម៉ែត្រ។ ចំណែកទឹកទន្លេសេសានមានកម្ពស់៦,១៣ម៉ែត្រ ស្រកចុះ០,៤២ម៉ែត្រ ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ។ រីឯទឹកទន្លេសេកុងមានកម្ពស់៨,៤៤ម៉ែត្រ ស្រកចុះ ១,២ម៉ែត្រ ចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ។
ជាមួយគ្នានេះ អាជ្ញាធរមានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយត្នមិនគួរគប្បីបង្ហូរទឹកចេញពីស្រែ អូរ ស្រះ ឬត្រពាំងនោះទេ ក្រែងលោខ្វះទឹកនៅពេលខាងមុខ៕


អត្ថបទ និងរូបភាពដោយ៖ Puthi News