25 C
Phnom Penh
Tuesday, February 7, 2023

ទីផ្សារទំនិញសកលធ្លាក់ចុះ ក្រោយការតវ៉ាផ្ទុះឡើងនៅចិន ជុំវិញវិធានការរឹតត្បិតកូវីដ

បាតុករប៉ះទង្គិចជាមួយប៉ូលិសក្នុងអំឡុងការជួបជុំមួយដើម្បីជនរងគ្រោះដោយភ្លើងឆេះ និងការតវ៉ាប្រឆាំងការរឹតបន្តឹងជំងឺកូវីដ ១៩ របស់ចិន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP ទីផ្សារទំនិញសកល បានរងការវាយប្រហារនៅថ្ងៃចន្ទ ទី ២៨ វិច្ឆិកាឆ្នាំ ២០២២ ដោយសារក្រុមវិនិយោគិន កើតចិត្តបារម្ភអំពីការផ្ទុះបាតុកម្មដ៏កម្រនៅក្នុងប្រទេសចិន ប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ តម្លៃប្រេង និងគ្រាប់ធញ្ញជាតិបានធ្លាក់ចុះយ៉ាងខ្លាំងតែតម្លៃមាសវិញកើនឡើង។

ចលនាបាតុកម្មដ៏កម្រនៅប៉េកាំង និងនៅតាមទីក្រុងធំៗជាច្រើនប្រឆាំងនឹងគោលនយោបាយហ្សេរ៉ូកូវីដ បានទៅបន្ថែមក្តីព្រួយបារម្ភរបស់អ្នកវិនិយោគពីលើវិធានការតឹងរ៉ឹងរាប់ខែ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដរបស់ប្រទេសចិន ស្របពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើង។

តម្លៃប្រេងឆៅបានធ្លាក់ចុះ ២,៩% ពោលគឺធ្លាក់ដល់ ៨១,២៥ ដុល្លារ ក្នុង ១ បារ៉ែល។ តម្លៃប្រេង បានធ្លាក់ចុះយ៉ាងខ្លាំងដោយវិនិយោគិនមានការព្រួយបារម្ភថាការកើនឡើងករណីឆ្លងកូវីដ និងការតវ៉ានៅក្នុងប្រទេសចិន អាចកាត់បន្ថយតម្រូវការពីអ្នកប្រើប្រាស់។ គេមានការបារម្ភដែរថា បញ្ហាដែលកំពុងកើតឡើងនៅចិននេះអាចរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងរុញច្រានឱ្យមានអតិផរណាបន្ថែមទៀត។

តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១ សប្តាហ៍ ពោលគឺឡើងដល់ ១៧៦១ ដុល្លារក្នុង១អោន ស្របពេលដែលលុយដុល្លារធ្លាក់ចុះ។ មុននេះតម្លៃមាសក្នុងទីផ្សារមានចំនួន១ ៧៥៨ដុល្លារក្នុង១អោន។

ភាគហ៊ុនក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ (CBOT) ដែលជាស្ថាប័នជួយកសិករ និងអ្នកប្រើប្រាស់ទំនិញគ្រប់គ្រងហានិភ័យបានធ្លាក់ចុះ ៧,៨២ដុល្លារ កាលពីថ្ងៃចន្ទដែលជាកម្រិតទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី ២២ ខែសីហាមក។

លោក គ្រេក អៀឡាម (Craig Erlam) អ្នកវិភាគទីផ្សារជាន់ខ្ពស់១រូប បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វិធានការរឹតត្បិតកូវីដដ៏យូរនៅក្នុងប្រទេសចិន កាន់តែមានការរឹតបន្តឹងយ៉ាងខ្លាំង។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ការដែលមានលេចរូបភាពចលាចល គឺជាការបង្កើតភាពមិនប្រាកដប្រជាដ៏ធំធេង»។

«គេនឹងរងចាំមើលថា តើថ្នាក់ដឹកនាំស្តាប់ និងគិតគូរបន្ធូរបន្ថយគោលនយោបាយហ្សេរ៉ូកូវីដរបស់ខ្លួន ឬក៏ព្យាយាមបង្កើនគោលនយោបាយនេះទ្វេដងហើយទទួលរងនូវផលវិបាកផ្នែកសេដ្ឋកិច្ច»។

គួរជ្រាបថា ប្រទេសចិន បានជាប់គាំងជាមួយនឹងគោលនយោបាយហ្សេរ៉ូកូវីដរបស់លោកប្រធានាធិបតី ស៊ី ជីនភីង បើទោះបីជាប្រទេសជាច្រើនឯទៀតក្នុងពិភពលោកបានលុបចោលវិធានការរឹតបន្តឹងកូវីដភាគច្រើនហើយក៏ដោយចុះ។

បាតុករ និងប៉ូលិសរាប់រយនាក់ បានប៉ះទង្គិចគ្នានៅទីក្រុងសៀងហៃកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលការតវ៉ាជុំវិញការរឹតបន្តឹងបានផ្ទុះឡើងរយៈពេល ៣ ថ្ងៃហើយ និងបានរីករាលដាលដល់ទីក្រុងធំៗជាច្រើន។ កាលពីថ្ងៃចន្ទប៉ូលិសបានបង្ក្រាបបាតុករយ៉ាងហិង្សា និងតាមស្វែងរកចាប់ខ្លួនអ្នកដែលបានចូលរួមក្នុងចលនាតវ៉ាកាលពីចុងសប្តាហ៍នៅទីក្រុងសៀងហៃ និងប៉េកាំង។

នៅពេលនេះ ក្រុមពាណិជ្ជករកំពុងរង់ចាំមើលពីជំហានបន្ទាប់របស់ទីក្រុងប៉េកាំង។ មានហានិភ័យនៃអស្ថិរភាពសង្គមនៅពេលដែលក្រុមឈ្មួញធំៗ កំពុងរង់ចាំតាមដានប្រតិកម្មរបស់លោកប្រធានាធិបតីចិន ស៊ី ជីនភីង៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img