27 C
Phnom Penh
Sunday, June 26, 2022

ថើ្លមធំមែន! ក្រុមជនមិនស្គាល់មុខ ចូលបោះបង្គោលហ៊ុមព័ទ្ធយកដីរដ្ឋ នៅស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើរបស់រដ្ឋ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការដកបង្គោលរបងដែលជនមិនស្គាល់អត្តសញ្ញាណលួចសង់ និងហ៊ុមព័ទ្ធយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ដីនេះជាដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ ដែលជាដីបានចុះបញ្ជីប្លង់រឹងរបស់រដ្ឋ ស្ថិតនៅត្រង់ចំណុចអូរផ្អាវ ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឱ្យដឹងថា តាមការស្រាវជ្រាវ ជនដែលមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចសង់បង្គោលរបងឈូសឆាយ ភ្ជួរ រុករានទន្ទ្រានហ៊ុមព័ទ្ធយកដីរបស់រដ្ឋ ដោយជនខិលខូចខ្លះធ្វើសម្មភាពនៅពេលយប់ និងជនខិលខូចខ្លះទៀតលួចធ្វើសកម្មភាពនៅពេលថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការដកបង្គោលរបង និងបានដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសំរោង ដើម្បីស្រាវជ្រាវ និងក៏សាងសំណុំរឿងស្រាវជ្រាវរកជនខិលខួចយកទៅផ្តន្ទាទោសតាមច្បាប់។

លោក អ៊ឹម សៅរ៍រិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កន្លងមកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានធ្វើផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋជាប្រចាំឱ្យយល់ដឹងពីស្ថានភាពដីព្រៃឈើនៅក្នុងដីសហគមន៍ និងដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ ជាដីដែលចុះបញ្ជីមានប្លង់រឹងរបស់រដ្ឋ មិនមាននរណាម្នាក់មានសិទ្ធិចាត់ចែង និងអនុញ្ញាតឱ្យទៅឈូសឆាយរុករាន និងហ៊ុមព័ទ្ធយកដីបានទេ។

លោកបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី រដ្ឋបាលព្រៃឈើ មាត្រា៩៧ ចំណុចទី៦ បានចែងថា ការកាប់រុសរានដីព្រៃឈើ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់លេខ១ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់ជាសម្បត្តិរដ្ឋ៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត