27 C
Phnom Penh
Wednesday, August 10, 2022

តៃវ៉ាន់ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំធំបំផុតរបស់ខ្លួន ដើម្បីហ្វឹកហាត់ទប់ទល់ ការឈ្លានពាន

(តៃប៉ិ)៖ នៅថ្ងៃចន្ទនេះ តៃវ៉ាន់បានចាប់ផ្តើម ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំធំបំផុតរបស់ខ្លួន នៅក្រោមសេណារីយ៉ូថា ដែនកោះនេះ ស្ថិតក្រោមការឈ្លានពានពីសត្រូវ ខណៈក្នុងនោះក៏មានការអនុវត្តយុទ្ធសាស្រ្ត និងការប្រើប្រាស់សព្វាវុធ ដែលរៀនសូត្រមកពីមេរៀននៃ សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សមយុទ្ធយោធា ហាន គ័ង (Han Kuang) ដែលមានរយៈពេល៥ថ្ងៃ សម្រាប់ឆ្នាំនេះ រួមបញ្ចូលនូវមេរៀនដែលបានមកពី សង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែន ហើយដាក់ចេញនូវរាល់លទ្ធភាពទាំងអស់ នៃសកម្មភាពដែលចិនអាចលើកទ័ពវាយប្រហារ មកលើតៃវ៉ាន់។

នៅថ្ងៃចន្ទនេះ គេឃើញកងទ័ពតៃវ៉ាន់ដែលប្រដាប់កាំភ្លើងយន្ត នាំគ្នារត់ចូលទៅក្នុងលេណដ្ឋាន ដែលត្រូវបានជីកនៅពីក្រោមស្ពាន ដើម្បីទប់ទល់សត្រូវមិនឱ្យចូលក្នុងទីក្រុងតៃប៉ិ។ អ្នកជំនាញយោធាតៃវ៉ាន់ លោក ស៊ូ ស៊ូយុន (Su Tzu-yun) បានលើកឡើងថា ប្រការនេះជួយការពារកងទ័ព ពីការវាយប្រហារតាមផ្លូវអាកាស ហើយវាជាផ្នែកមួយនៃយុទ្ធសាស្រ្តធ្វើសង្រ្គាម នៅតាមទីប្រជុំជនរបស់អ៊ុយក្រែន។

លោក ស៊ូ បានបន្តថា មីស៉ីល ស្ទីងចឺ (Stinger) សម្រាប់ប្រឆាំងយន្តហោះចម្បាំង ដែលហោះទាបៗ ហើយនិងឧទ្ធម្ភាគចក្រ ក៏ត្រូវបានដាក់ពង្រាយ នៅតាមដំបូលអគារខ្ពស់ៗ កំលុងសមយុទ្ធផងដែរ។ មីស៉ីល ស្ទីងចឺ នេះ គឺជាអាវុធដ៏មានប្រសិទ្ធភាពមួយ ដែលបានអនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែន ទប់ទល់ជាមួយ យន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្ររបស់រុស្ស៉ី មកទល់នឹងពេលនេះ។

ដោយឡែក ដងផ្លូវនានានៅក្នុងទីក្រុងមួយចំនួនផ្សេងទៀត នៅតំបន់ភាគខាងជើងកោះតៃវ៉ាន់ ត្រូវបានជម្លៀសមនុស្សឱ្យនៅទទេ សម្រាប់រយៈពេល៣០នាទី ក្រោយមានការបន្លឺស៉ីរ៉ែន និងសារជាអក្សរ ដែលជូនដំណឹងអំពីការវាយប្រហារដោយមីស៉ីល។ វាជាផ្នែកនៃការហាត់សមត្រៀមសម្រាប់ ការវាយប្រហារតាមផ្លូវអាកាសរបស់សត្រូវ មកលើតៃវ៉ាន់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង បានកើនឡើងខ្លាំង ចាប់តាំងតែពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានចូលកាន់អំណាច កាលពីឆ្នាំ២០១៦ ដ្បិតលោកស្រីបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា កោះតៃវ៉ាន់មិនមែនជាផ្នែក នៃប្រទេសចិនឡើយ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img