(ថៃ)៖ តារាសម្តែងស្រីរបស់ថៃដ៏មានប្រជាប្រិយភាព កញ្ញា Sawika Pinky រួមទាំងម្តាយ និងបងប្រុសរបស់នាង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមការចោទប្រកាន់ពីបទ ឆបោកប្រាក់ជាង ៥០លានដុល្លារ តាមរយៈការឃោសនាឲ្យវិនិយោគលើរូបិយប័ណ្ណបរទេស ឬទីផ្សារ Forex-3D។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានថៃ Bangkok Post នៅថ្ងសទី១៩ ខែសីហា ឆ្នាំ២០២២។


តារាស្រី Pinky អាយុ ៣៦ឆ្នាំ, ម្តាយរបស់នាងឈ្មោះ Sarinya និងបងប្រុសរបស់នាង ឈ្មោះ Kitichet ស្ថិតក្នុងចំណោមជនជាប់ចោទចំនួន១៩នាក់ ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ នៅក្នុងតុលាការព្រហ្មទណ្ឌរបស់ថៃ ពីបទឆបោកសាធារណជន និងបានរំលោភច្បាប់ ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ តាមរយៈការឃោសនាឲ្យវិនិយោគលើរូបិយប័ណ្ណបរទេស ឬទីផ្សារ Forex-3D ដើម្បីបានប្រាក់ចំណេញ។ ម្ដាយកូនតារាថៃខាងលើ ត្រូវបានតុលាការបដិសេធ ជុំវិញសំណើរសុំនៅក្រៅឃុំ ដោយសារតែករណីនេះ ជាទោសធ្ងន់ធ្ងរ និងបារម្ភថាខ្លាចជនជាប់ចោទទាំងនោះ រត់គេចខ្លួនទៅក្រៅប្រទេស។ ដូច្នេះក្រោយបើកសវនាការរួច ពួកគេត្រូវបាននាំខ្លួននៅក្នុងពន្ធនាគារបណ្ដោះអាសន្ន។


តុលាការបានលើកឡើងថា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ចុងចោទបានអញ្ជើញមនុស្សតាមរយៈ Facebook ឲ្យវិនិយោគនៅក្នុងក្រុមប្តូរប្រាក់បរទេស Forex-3D ហើយមានមនុស្ស ៩,៨២៤នាក់ បានចូលរួមវិនិយោគ ហើយសរុបជាទឹកប្រាក់មានចំនួន ២.៤៩ពាន់លានបាត ឬប្រមាណជាង ៦៩លានដុល្លារ ប៉ុន្តែនាងជាប់ពាក់ព័ន្ធ ក្នុងករណីបណ្ដឹងឆបោកប្រាក់ តែក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារប៉ុណ្ណោះ។


គួរជម្រាបថា ការជួញដូរ Forex 3-D ត្រូវបានគ្រប់គ្រងដោយបុគ្គលឈ្មោះ Apiruk Kothi អាយុ២៨ឆ្នាំ ដែលបានទាក់ទាញជនរងគ្រោះរាប់ពាន់នាក់ ឲ្យវិនិយោគក្នុងរូបិយប័ណ្ណបរទេស ជាមួយនឹងការសន្យាថា នឹងទទួលបានផលចំណេញខ្ពស់។ លោក Apiruk Kothi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីដំណើរការការជួញដូរនេះ បានរយៈពេលជាងមួយឆ្នាំ៕


Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News