27 C
Phnom Penh
Monday, July 15, 2024

តារាចម្រៀង K-pop ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ឈ្មោះ មូន ប៊ីន ស្លាប់ក្នុងវ័យ២៥ឆ្នាំ ដោយធ្វើអត្តឃាត

សេអ៊ូល៖ តារាចម្រៀងខេផប់ (K-pop) ដ៏មានប្រជាប្រិយភាពរបស់ប្រទេសកូរ៉េខាងត្បូង ដែលគេនិយមហៅថា ក្រុមចម្រៀង ខេផប់ អាស្ត្រូ (K-pop Astro) បានទទួលមរណៈភាពក្នុងវ័យ២៥ឆ្នាំ នៅក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ហ្គង់ណាំ (Gangnam) នៃរដ្ឋធានីសេអ៊ូល ដោយគេសង្ស័យថា ជាការធ្វើអត្តឃាត។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ របស់ក្រុមតន្ត្រី ខេផប់ បានប្រកាសថា «សមាជិកនៃក្រុមតន្ត្រីអាស្ត្រូ និងសិល្បករ និងបុគ្គលិក មានការសោកស្ដាយ និងតក់ស្លុតយ៉ាងខ្លាំង នៅពេលយើងកាន់ទុក្ខគាត់»។

ក្រុមតន្ត្រីអាស្ត្រូ បាននិយាយបញ្ជាក់ថា ពិធីបុណ្យសពរបស់តារាចម្រៀង ឈ្មោះ មូន ប៊ីន (Moon Bin) នឹងត្រូវបានប្រារព្ធឡើង ដោយស្ងាត់ៗបំផុត ដោយមានការចូលរួមភាគច្រើនត្រូវបានកំណត់ចំពោះសមាជិកក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ និងសហការី ឲ្យស្របតាមបំណងប្រាថ្នារបស់សាច់ញាតិក្នុងគ្រួសាររបស់លោក។

អ្នកគ្រប់គ្រងក្រុមតន្ត្រី ខេផប់ ដែលបានទៅដល់ផ្ទះតារាចម្រៀងរូបនេះ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយសារតែមិនមានការឆ្លើយតបនឹងការហៅទូរស័ព្ទ និងមិនបានមើលសារផ្ញើទៅ។ ពេលទៅផ្ទះភ្លាមក៏ប្រទះឃើញ តារា ចម្រៀង មូន ប៊ីន អាយុ២៥ឆ្នាំ បានស្លាប់រួចទៅហើយ នៅក្នុងលំនៅឋានរបស់ខ្លួន។

ប៉ូលីសកូរ៉េខាងត្បូង កំពុងតែបើកការស៊ើបអង្កេតអំពីមូលហេតុនៃការស្លាប់របស់តារា មូន ប៊ីន ហើយរហូតមកដល់ពេលនេះមិនទាន់រកឃើញពន្លឺច្បាស់លាស់នៅឡើយទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងវិញ បានធ្វើសេចក្តីរាយការណ៍ព្រោងព្រាតថា តារាចម្រៀងរូបនេះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងសង្កាត់ ហ្គង់ណាំ នៃទីក្រុងសេអ៊ូល ហើយគេសង្ស័យថា ជារឿងធ្វើអត្តឃាត។

មូន ប៊ីន អាយុ២៥ឆ្នាំ គឺជាតារាសម្តែងចាប់ផ្តើមអាជីពតាំងពីកុមារភាព មុនពេលបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាសមាជិកក្រុមតន្ត្រី អាត្រូ ក្នុងឆ្នាំ២០១៦ នៅក្នុងការប្រគុំតន្ត្រីមួយ នៅភាគខាងត្បូងទីក្រុង ប៊ូសាន។

ការធ្វើអត្តឃាត គឺជាមូលហេតុចម្បងមួយដែរក្នុងចំណោមយុវជនកូរ៉េខាងត្បូង ដែលធ្វើឲ្យប្រទេសនេះមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់បំផុត ក្នុងចំណោមប្រទេសអ្នកមាននៅលើពិភពលោក។

មូន ប៊ីន កើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៨ នាទីក្រុង ជឿងជូ (Choengju) ខេត្តជុងបុក (Chungbuk) ប្រទេសកូរ៉េខាងត្បូង ហើយបានបញ្ចប់ការសិក្សាផ្នែកតន្ត្រីពីសាលាវិចត្រសិល្បៈ។

មូន ប៊ីន គឺជាកូនទី១ នៃគ្រួសារមានកូនពីរនាក់ ដែលប្អូនស្រីឈ្មោះ មូន សួរ (Moon Sua) ក៏ជាតារាចម្រៀងដ៏ល្បីឈ្មោះផងដែរ នៅក្នុងក្រុមតន្ត្រីនារីឈ្មោះ ប៊ីល្លី (Billie Girl Band) របស់កូរ៉េខាងត្បូង។ អ្នកទាំងពីរក្លាយជាតារាចម្រៀងដ៏ល្បីល្បាញ ដោយសារឥទ្ធិពល និងការណែនាំពីម្តាយបង្កើត ដែលជាអ្នកមានទេពកោសល្យខាងវិស័យសិល្បៈផងដែរ។

កាលពីក្នុងឆ្នាំ២០១៧ យុវជនឈ្មោះ ជុងយុន (Jonghyun) អាយុ២៧ឆ្នាំ ដែលជាតារាចម្រៀងដ៏ល្បីនៃក្រុមចម្រៀងប្រុសកំពូលរបស់កូរ៉េខាងត្បូង ក៏បានទទួលមរណភាពដោយការធ្វើអត្តឃាតដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img