លោក ធុយ ចាន់ធួន ដឹកនាំក្រុមការងារចុះស្រាវជ្រាវបុរាណវិទ្យានៅតំបន់រមណីដ្ឋានអង្គរកាលពី១៣ឆ្នាំមុន។
នៅកម្ពុជាមិនសូវមានមនុស្សចង់ក្លាយជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាច្រើនទេ ដោយសារពួកគេមិនចាប់អារម្មណ៍ទៅនឹងបុរាណវត្ថុ និងរបស់របរចាស់ៗហួសសម័យ។ សិស្សនិស្សិតភាគច្រើនបានចាប់យកមុខវិជ្ជាសម័យទំនើបៗទាន់សម័យអភិវឌ្ឍខ្លាំង និងដើរឱ្យទាន់សម័យកាលបច្ចេកវិទ្យា។


អ្នកដែលចង់ក្លាយជាអ្នកស្រាវជ្រាវពីបុរាណវិទ្យាមានតិចតួចបំផុតនៅកម្ពុជា ប៉ុន្ដែអ្នកដែលចាប់អារម្មណ៍បុរាណវិទ្យា គឺជាមនុស្សដែលយល់ច្បាស់ពីតម្លៃបុរាណវត្ថុ និងរបស់របរចាស់ៗ ហើយអារម្មណ៍ពួកគាត់ស្រឡាញ់អាជីពរបស់ពួកគាត់ខ្លាំងថែមទៀតផង។
ក្នុងចំណោមអ្នកស្រាវជ្រាវបុរាណវិទ្យាដ៏តិចតួចបំផុត មានបុរសម្នាក់វ័យជិត៥០ឆ្នាំ ដែលមានសក់ខ្មៅលាយស្កូវព័ណ៍ស និងរួញតិចៗ។ បើគេសង្កេតមើលទៅ គាត់មានរៀងស្ដើង ហើយសម្បុរក៏សណ្ដែកបាយ និងនិយាយមួយៗ ប៉ុន្ដែរាងម៉ឺងម៉ាត់ ហើយម៉ត់ចត់បំផុត។
អ្នកស្រាវជ្រាវរូបនេះឈ្មោះ ធុយ ចាន់ធួន បច្ចុប្បន្នលោកជាអនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជ្យបណ្ឌិតសភារ្យ បានជួបសម្ភាសផ្ទាល់ជាមួយអ្នកកាសែតកាលពីពេលថ្មីនេះ។
លោកបានរៀបរាប់ប្រាប់ថា គាត់មានកំណើតភូមិក្រគរ ឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ នៅឆ្នាំ១៩៧៤ ដែលមានឪពុកម្ដាយជាអ្នកជំនួញ តែលោកក៏បានឆ្លងកាត់សម័យខ្មែរក្រហមដែរ ដែលកាលនោះអាយុទើបតែ ៥ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នវ័យជិត ៥០ឆ្នាំទៅហើយ លោកនៅតែមានការចងចាំ និងអាចរំលឹកពីអនុស្សាវរិយ៍ដែលមិនអាចបំភ្លេចបាន។
លោកនិយាយថា៖ «ជំនាន់ខ្មែរក្រហមខ្ញុំចាំច្បាស់ជាងគេបំផុត គឺខ្ញុំអត់មានអីញ៉ាំ ខ្ញុំលិឍទឹកជ្រក់នៅកន្លែងគេបុកអង្ករ ហើយត្រូវគេវាយបែកក្បាលធ្ងន់ធ្ងរ។ បន្ទាប់មកគេយកខ្ញុំទៅពេទ្យសង្គ្រោះខ្ញុំ ដោយប្រើស្លឹកឈើបុកលាយជាមួយកំបោរ និងអំបិលមកព្យាបាលឱ្យខ្ញុំ»។



លោកបន្តថា៖ «ជំនាន់នោះ ខ្ញុំត្រូវបានគេប្រើឱ្យឃ្វាគោ និងដើររើសអាចម៍គោធ្វើជីជាមួយក្រុមកុមារតូចៗ។ ដោយសារតែខ្ញុំឃ្លានអត់អីញ៉ាំ ខ្ញុំក៏ឡើងបេះផ្លែកន្ទួតព្រៃ តែជាអកុសលខ្ញុំបានរបូតដៃធ្លាក់មកសន្លប់!»។
ក្រោយពីសម័យខ្មែរក្រហមឆ្នាំ១៩៧៩ យុវជនចាន់ធួនបានឈានចូលសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ១៩៩៣ បន្ទាប់ពីបានបញ្ចប់ការសិក្សាគ្រប់កម្រិតចាប់ពីក្រោមឧត្តមសិក្សានៅខេត្តក្រចេះ។ នៅថ្នាក់សាកលវិទ្យាល័យ លោកបានចូលរៀនមុខវិជ្ជាផ្នែកវិចិត្រសិល្បៈ ដោយលោកនិយាយថា៖ «ទីនោះហើយដែលធ្វើឱ្យខ្ញុំស្រឡាញ់ពេញចិត្តខ្លាំងលើមុខវិជ្ជាបុរាណវិទ្យានេះជារៀងរហូតមក»។


ក្នុងជំនាន់នោះ ដោយសារតែលោកទៅរៀនគ្មានអាហារបរិភោគគ្រប់គ្រាន់ និងគ្មានមធ្យោយសម្រាប់ធ្វើដំណើរទៅសាលារៀន។ ដូច្នេះលោកបានទៅស្នាក់អាស្រ័យក្នុងវត្តមួយនៅជិតមហាវិទ្យាល័យបុរាណវិទ្យា ហើយក៏សម្រេចជ្រើសរើសទីនោះជាកន្លែងសិក្សា និងជាទីកន្លែងស្នាក់នៅរបស់លោកផង។
លោកនិយាយថា៖ «នៅទីនោះខ្ញុំបានជួបនិងបានរៀនសូត្រជាមួយសាស្ត្រាចារ្យល្បីៗក្នុងឆ្នាំ១៩៩៣ រហូតមកឆ្នាំ
១៩៩៦ ខ្ញុំរៀនបាន៣ឆ្នាំ ដោយសារខ្ញុំរៀនពូកែចំពេលដែលជប៉ុនចាប់ផ្ដើមមកប្រទេសកម្ពុជា ដើម្បីរៀបចំការអភិរក្សប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនៅខេត្តសៀមរាប។ ពេលនោះខ្ញុំក៏បានចុះកម្មសិក្សាទៅប្រាសាទអង្គរវត្ត តាព្រហ្ម កំណាយបុរាណវិទ្យា»។


ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៣ យុវជនចាន់ធួនទទួលបានជ័យលាភីនិស្សិតឆ្នើម និងអាហារូបករណ៍ចំនួន ១៥លើក។ លោកត្រូវបានសាស្ត្រាចារ្យបុរាណវិទ្យាអាល្លឺម៉ង់អញ្ជើញទៅអាល្លឺម៉ង់ ដើម្បីធ្វើបទបង្ហាញ និងរៀនបន្តផ្នែកបច្ចេកទេសបុរាណវិទ្យា។
ក្រោយមកលោកបានបង្កើតមជ្ឈមណ្ឌលបុរាណវិទ្យាមួយនៅស្រុកមេមុត ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូឃ្មុំ) ដឹកនាំដោយម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី ដែលកាលនោះទ្រង់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោកជាអនុប្រធានធ្វើការស្រាវជ្រាវអំពីមនុស្សដែលរស់នៅដំបូងនៅអាស៊ីអាគ្នេយ៍។ ចាប់ពីពេលនោះមក លោកចាន់ធួនបានចាត់ទុកទីតាំងបុរាណដ្ឋាន គឺជាផ្ទះរបស់លោក។



លោកជាអ្នកចូលចិត្តសិក្សាឈ្វេងយល់ ហើយខំប្រឹងរៀនខ្លួនឯងតាមរយៈការចុះរុករក និងសិក្សានៅតាមទីតាំងជាច្រើននៅក្នុង១៩៩៩ រហូតក្រោយមកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០០២ លោកត្រូវបានជ្រើសរើសជាសាស្ត្រាចារ្យ (Lecturer) ដោយអង្គការសហប្រជាជាតិ សម្រាប់អង្គការយូនេស្កូ ដើម្បីបង្រៀននៅមហាវិទ្យាល័យបុរាណវិទ្យា។
លោកថា៖ «ខ្ញុំដឹកនាំកូនសិស្សរបស់ខ្ញុំទៅធ្វើកំណាយនៅតំបន់ព្រះនេត្រព្រះ នៅស្នាយ នៅអង្គរ នៅតំបន់ក្រែក ស្រុកមេមុត ខេត្តត្បូងឃ្មុំ។ ក្រោយមក ខ្ញុំបានបន្តយកថ្នាក់បណ្ឌិតបន្ថែមមួយទៀត ព្រមទាំងសិក្សាបណ្ដើរ និងស្រាវជ្រាវបណ្ដើរពីដើមកំណើតអាស៊ីអាគ្នេយ៍បានដោយជោគជ័យទាំងការសិក្សា និងការស្រាវជ្រាវកាលពីឆ្នាំ ២០១០»។


អាជីពជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាដែលទទួលស្គាល់អន្តរជាតិ និងក្នុងចំណោមអ្នកសិក្សាតាមរយៈការរុករកឃើញបុរាណដ្ឋាន និងការសរសេរសៀវភៅទាក់ទងនឹងកំហើញបុរាណវិទ្យាជាច្រើន។ ក្នុងនោះលោករុករកឃើញទីតាំងបុរាណនៃឧស្សាហកម្មដែកធំជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងតំបន់ម្លូព្រៃ នៅស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្នទីតាំងនេះ គឺជាឧទ្យានជាតិសម្ដេចតេជោសែនឫស្សីត្រឹប ហើយថ្មីៗនេះ កំពុងចាប់ផ្ដើមធ្វើកំណាយពីក្រុងសម្ភុបុរៈជាអតីតរាជធានីខ្មែរក្នុងសម័យចេនឡា ដែលបច្ចុប្បន្នស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ ដោយលោកបានរកឃើញកំហើញប្រាសាទផ្សេងៗទៀតប្រមាណជាង ៤០ប្រាសាទ គឺជារបបកំហើញថ្មីៗសុទ្ធសាធ។
លោក ធុយ ចាន់ធួន តែងតែចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការស្រាវជ្រាវទាក់ទងនឹងការងារបុរាណវិទ្យា និងសរសេរសៀវភៅផ្សេងៗជាច្រើន។ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារូបនេះ បានដើរស្រាវជ្រាវស្ទើរតែគ្រប់ទីតាំងនៅទូទាំងប្រទេសកម្ពុជា និងរកឃើញស្ថានីយបុរេប្រវត្តិសាស្ត្រ ស្ថានីយប្រវត្តិសាស្ត្រ ព្រមទាំងប្រាសាទជាច្រើនមកហើយ។
ស្ថានីយបុរេប្រវត្តិសាស្ត្រដំបូងដែលលោករកឃើញ គឺស្ថានីយ៍សំរោងសែន និងអន្លង់ផ្ដៅ នៅខេត្តកំពង់ឆ្នាំង ម្លូព្រៃ នៅខេត្តព្រះវិហារ នៅខេត្តកំពង់ឆ្នាំង និងស្ថានីយ៍បុរាណវិទ្យាមួយចំនួនទៀត។ ក្រៅពីប្រទេសកម្ពុជា លោកចាន់ធួន បានទៅស្រាវជ្រាវនៅទឹកដីថៃ និងវៀតណាម ដែលលោកចាត់ទុកថា ជាទឹកដីខ្មែរក្នុងសម័យបុរាណ។


លោកថា៖«ខ្ញុំបានស្រាវជ្រាវ និងបោះពុម្ពសៀវភៅបុរេប្រវត្តិសាស្ត្រដែលជាស្នាដៃដំបូងរបស់ខ្ញុំ។ បន្ទាប់មកសៀវភៅស្ដីពីស្ថានីយ៍បន្ទាយគូអរិយធម៌មេមត់ សៀវភៅស្ដីពីស្ថានីយ៍ស្លដែកនៅស្រុងឆ្លូង និងសៀវភៅស្ដីពីប្រវត្តិសុខាភិបាលនិងការព្យាបាលនៅសម័យបុរាណជាដើម»។
ក្រៅពីការស្រាវជ្រាវរកឃើញទីតាំងឧស្សាហកម្មដែកដែលជាទីតាំងផលិតអាវុធដ៏ធំក្នុងសម័យបុរាណហើយនោះ លោក ចាន់ធួន កំពុងចាប់ផ្ដើមធ្វើកំណាយពីក្រុងសម្ភុបុរៈ (Samphu Pura) ជាអតីតរាជធានីខ្មែរក្នុងសម័យចេនឡា ដែលបច្ចុប្បន្នស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។
លោកថា៖ «ថ្មីៗនេះ ខ្ញុំបានរកឃើញប្រាសាទជាង៤០ប្រាសាទ ហើយប្រាសាទទាំងអស់នោះ ៩០ភាគរយ គឺនៅសល់តែគ្រឹះទេ។ ប្រាសាទទាំងអស់នោះ យើងអាចកំណត់បានជាប្រាសាទឥដ្ឋ រួមមានព្រះបដិមា ទម្រព្រះ យោនី ផ្ដែ ហោជាង និងសរសពេជ្រជាដើម»។
អ្នកបុរាណវិទ្យារូបនេះថា «សម្ភុបុរៈ គឺជាទីក្រុងមួយរបស់អាណាចក្រចេនឡា ដែលបច្ចុប្បន្ននៅក្នុងវត្តសរសេរមួយរយ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ អតីតទីក្រុងបុរាណនេះនៅក្នុងសតវត្សទី២ ទី៣ ទី៤ ទី៥ រហូតដល់ទី៦ នៃគ្រិស្ដសរាជ។
គោលដៅដ៏ធំរបស់លោកនាពេលនេះ គឺលោកសរសេរសៀវភៅដោយដាក់ចំណងជើងថា «សម្ភុបុរៈក្រចេះ»។ ខ្លឹមសារក្នុងសៀវភៅនេះ លោកគ្រោងរំលេចអំពីមនុស្សបុរាណ ភស្ដុតាងពីឆ្នាំណាដល់ឆ្នាំណា។ លោកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងគោលបំណងចង់សរសេរសៀវភៅនេះឡើង។
ការស្រាវជ្រាវនេះលោកបញ្ជាក់ថា ជនជាតិខ្មែរមានប្រវត្តិសាស្ត្រដ៏ល្អរបស់ខ្លួន ដូច្នេះលោកខិតខំប្រឹងប្រែស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្ហាញភស្ដុតាំងទាំងនោះប្រាប់ពិភពលោកឱ្យបានដឹង។ នេះជាមោទនភាពរបស់កូនខ្មែរ ដែលមិនខ្លាចនឹងនិយាយថា ប្រទេសកម្ពុជាមានអរិយធម៌ដ៏ចំណាស់របស់ខ្លួនដោយផ្អែកលើភស្ដុតាងតាមរយៈការធ្វើកំណាយរកឃើញនេះ។
វត្ថុតាងទាំងអស់នេះជាផលប្រយោជន៍ប្រវត្តិសាស្ត្រ និងជាផលប្រយោជន៍សង្គមសម្រាប់ជនជាតិខ្មែរ ដើម្បីឈ្វេងយល់ និងដើម្បីជាតឹកតាងនៃមោទកភាពជាតិរបស់ប្រទេសជាតិទាំងមូល។ លោកនិយាយថា កម្ពុជាមានប្រាសាទអង្គរវត្ត ប៉ុន្តែពលរដ្ឋមួយចំនួនមិនទាន់ដឹងច្បាស់ថា អ្នកណាជាអ្នកសាងសង់ ដោយអ្នកខ្លះបែរជាលើកយករឿងនិទានមកធ្វើជាទឡ្ហីករណ៍ក្នុងជីវិត ក្នុងសង្គម និងក្នុងប្រវត្តិសាស្ត្រជាដើម។ ហេតុផលនេះ បានជំរុញឱ្យលោកព្យាយាមរុករកឃើញឧស្សាហកម្មដែក និងកន្លែងកាត់ថ្មធំៗរបស់ខ្មែរបុរាណជាច្រើន។
លោកចង់ប្រាប់ជនជាតិខ្មែរទាំងអស់ ជាពិសេសអ្នកស្រឡាញ់បេតិកភណ្ឌជាតិឱ្យដឹងថា សំណង់បុរាណទាំងអស់ គឺជាញើសឈាមរបស់បុព្វបុរសខ្មែរពិតៗដែលបានកាត់ថ្មយកទៅសាងសង់ប្រាសាទជាកេរតំណែលទុកឱ្យបរទេសមកទស្សនាក្នុងមួយឆ្នាំៗរកចំណូលបានរាប់សិបម៉ឺនដុល្លារ គឺសទ្ធតែបានកើតចេញពីឈាមអ្នកប្រាជ្ញខ្មែរដែលចេះធ្វើដែកកាត់ថ្មយកមកសាងសង់ប្រាសាទអង្គរ ក៏ដូចជាកសាងប្រាសាទនានាជាច្រើនកន្លែងផ្សេងទៀត៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News