29 C
Phnom Penh
Thursday, June 8, 2023

ដកតំណែងមេប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយជំរិតទារប្រាក់ពីយុវជនបីនាក់ ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដកហូតមុខតំណែង លោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោក ហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ពីវរសេនីយ៍ត្រីឱ្យមកត្រឹមអនុសេនីយ៍ឯក ផងដែរ។

សូមបញ្ជាក់ថា លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំបានចាប់ខ្លួនយុវជន៣នាក់ បានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ នេះបើយោងតាមការឱ្យដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានបំភ្លឺឆ្លើយតបតាមបណ្តាញសារព័ត៌មាន មួយចំនួន ដែលបានចុះផ្សាយជាបន្តបន្ទាប់។

ក្នុងករណីនេះ ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវ។ បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ និងសួរនាំបានឱ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។

លោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែម ទៅថ្នាក់ជាតិដើម្បីពិនិត្យសម្រេច និងបានដកហូតមុខតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕


អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img